នាយករដ្ឋមន្ត្រីបង្ហើបមហិច្ឆតាទៅថ្ងៃមុខកម្ពុជានឹងធ្វើផ្លូវនិងស្ពានក្រោមទឹកកុំឱ្យចាញ់ប្រទេសដទៃ

សង្គម​និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាល បានបង្ហាញមហិច្ឆតាថា នៅថ្ងៃខាងមុខកម្ពុជានឹងធ្វើផ្លូវនិងស្ពានក្រោមទឹកកុំឱ្យចាញ់ប្រទេសដទៃ ខណៈដែលបច្ចុប្បន្នកម្ពុជាមានស្ពានធំៗឆ្លងកាត់ទន្លេ និងដៃសមុទ្រជាច្រើនកន្លែងដែលបានស្ថាបនារួច។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅប្រទេសអូស្រ្តាលី និងញូហ្សឺឡែន នារសៀលថ្ងៃទី៣ ខែមីនានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី មានប្រសាសន៍ថា «តិចទៀតយើងធ្វើនឹងធ្វើស្ពាន១ ចាប់ពីផ្សារចាស់ ឡើងទៅអរិយក្សត្រ ហើយគេកំពុងសិក្សាអាផ្លូវក្រោមទឹក ស្ពានក្រោមទឹក ឥឡូវយើងធ្វើនៅលើទឹកអស់ហើយ តិចទៀតធ្វើក្រោមទឹកមួយទៀត កុំឱ្យចាញ់គេ វាត្រូវតភ្ជាប់អញ្ចឹង»

ទន្ទឹងនឹងការបង្ហើបគម្រោងធ្វើស្ពាន និងផ្លូវក្រោមទឹកនៅពេលនេះ សម្តេចធិបតីនាយករដ្ឋមន្រ្តីក៏បានរំលឹកផងដែរថា នៅពេលសម្តេចចេញទៅរៀននៅអាមេរិក មានរឿងពីរ ដែលធ្វើឱ្យសម្តេចចង់ស្រក់ទឹកភ្នែក ព្រោះនឹកស្រណោះដល់ប្រទេសជាតិ។ រឿងទាំងពីរនោះ ឃើញប្រទេសគេមានផ្សារទំនើបធំៗ និងមានផ្លូវហាយវេធំៗ ខណៈកម្ពុជាមិនទាន់មានអ្វីទាំងអស់ ព្រោះវិបត្តិសង្គ្រាម និងការបែកបាក់ជាតិ។

សម្តេចធិបតីលើកឡើងថា រដ្ឋាភិបាលកម្ពុជាកំពុងចរចាស្ថាបនាផ្លូវ៥០C ភ្ជាប់ពីខេត្តកំពង់ឆ្នាំង មកខេត្តកំពង់ធំ ភ្ជាប់ជាមួយស្ពានដែលវែងគេ គឺជាង៣គីឡូម៉ែត្រ ដូច្នេះ ប្រសិនបើធ្វើផ្លូវនេះហើយនោះប្រជាពលរដ្ឋរស់នៅខេត្តកំពង់ឆ្នាំង និងកំពង់ធំ កាន់តែមានភាពងាយស្រួលក្នុងការធ្វើដំណើរ៕