ថ្ងៃស្អែកសម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី ព្រមទាំងមានជំនួបនឹងលោក អេនថូនី អាល់បានីស៊ី

សង្គម​និង​សេដ្ឋកិច្ច

នាថ្ងៃទី៤ ខែមីនាស្អែកនេះ គឺជាថ្ងៃចាប់ផ្តើមបើកកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី ដែលមានវត្តមានមេដឹកនាំអាស៊ាន១០ ក្នុងនោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏នឹង​អញ្ជើញចូលរួម​ក្នុង​ឱកាសកិច្ចប្រជុំដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្រ្តាលី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី មានរយៈពេល ៣ថ្ងៃ គឺចាប់ថ្ងៃទី៤ដល់ថ្ងៃទី៦ខែមីនា ស្ថិតនៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី ដែលមានលោក អេនថូនី អាល់បានីស៊ី នាយករដ្ឋមន្ត្រីអូស្ត្រាលី ជាសហប្រធាន។

អមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី មានលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ លោក សុខ ចិន្តសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងមន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិបាលកម្ពុជា។

បើតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី នឹងផ្តល់ឱកាសដល់ថ្នាក់ដឹកនាំ កំណត់ទិសដៅអនាគតរួម និងធ្វើឱ្យទំនាក់ ទំនងកាន់តែស៊ីជម្រៅ តាមរយៈការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវអាទិភាពសំខាន់ៗ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-អូស្ត្រាលី។ ថ្នាក់ដឹកនាំ គ្រោងនឹងអនុម័តសេចក្តីថ្លែងការណ៍ទីក្រុងម៉ែលប៊ន និងសេចក្តីប្រកាសចក្ខុវិស័យរបស់ថ្នាក់ដឹកនាំអាស៊ាន-អូស្ត្រាលី។

ស្របពេលនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលខាងលើ សម្តេចធិបតី ក៏នឹងមានជំនួបទ្វេភាគីជាមួយនាយករដ្ឋមន្រ្តីអូស្រ្តាលី លោក អេនថូនី អាល់បានីស៊ី និងសមភាគីអាស៊ានមួយចំនួន ដើម្បីពង្រឹងបន្ថែមនូវទំនាក់ទំនង ទ្វេភាគីបន្ថែមទៀត៕