​មេដឹកនាំកម្ពុជា-ឥណ្ឌូនេស៊ី ឯកភាព​គ្នា​​បន្ត​ពង្រឹង​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លេី​វិស័យការទូត សេដ្ឋកិច្ចពាណិជ្ជកម្ម ទេសចរណ៍ និងសន្តិសុខ

សង្គម​និង​សេដ្ឋកិច្ច

កម្ពុជា និងឥណ្ឌូនេស៊ី វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អប្រសើរនៃប្រទេសទាំងពីរ និងបានប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត។ ការប្រកាសឯកភាព​គ្នា​​បន្ត​ពង្រឹង​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ធ្វើឡើងក្នុងជំនួបនារសៀលថ្ងៃទី៥ ខែមីនានេះរវាងមេដឹកនាំនៃប្រទេសទាំំងពីរ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរបានគូសបញ្ជាក់ពីមានជំនួបទ្វេភាគីជាថ្មី ក្រោយពីជំនួបទ្វេភាគីនៅរដ្ឋធានីហ្សាការតាប្រទេសឥណ្ឌូនេស៊ី កាលពីខែកញ្ញា ឆ្នាំ២០២៣។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាគ្នាលើវិស័យសំខាន់ៗ ដែលជាកម្មវត្ថុនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែម និងជាផលប្រយោជន៍រួមរវាងកម្ពុជា និងឥណ្ឌូនេស៊ី ដែលរួមមាន៖ វិស័យការទូត សេដ្ឋកិច្ចនិងពាណិជ្ជកម្ម ទេសចរណ៍ និងសន្តិសុខ។

ជាមួយនឹងការប្រារព្ធខួបលើកទី៦៥ នៃទំនាក់ទំនងការទូតរបស់កម្ពុជានិងឥណ្ឌូនេស៊ី ថ្នាក់ដឹកនាំទាំងពីរបានបង្ហាញក្តីសោមនស្សរីករាយចំពោះទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរក្នុងរយៈពេលប្រមាណជិត ៧ទសវត្សរ៍កន្លងមកនេះ ដែលបានផ្ដល់នូវផ្លែផ្កាជាច្រើនតាមរយៈទំនាក់ទំនងគ្នាកម្រិតខ្ពស់ ទំនាក់ទំនងផ្នែកសេដ្ឋកិច្ច ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ជាពិសេសការពង្រឹងនូវទំនាក់ទំនងក្នុងវិស័យសន្តិសុខ និងការពារជាតិ។

នៅក្នុងជំនួបដដែលនោះ ​មេដឹកនាំកម្ពុជា-ឥណ្ឌូណេស៊ី បាន​ឯកភាព​គ្នា​ក្នុង​ការ​បន្ត​ពង្រឹង​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លេី​វិស័យ​ខាង​លេី​ ព្រមទាំង​បន្ត​រួម​គ្នា​បង្កេីន​​កិច្ច​សហប្រតិបត្តិការលេី​វិស័យ​​សក្ដានុពល​ផ្សេង​ទៀត​ ដេីម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​នៃ​ប្រទេស​ទាំងពីរ​ កាន់​តែ​រឹងមាំ​។ ជាមួយគ្នានេះ ប្រធានាធិបតីឥណ្ឌូណេស៊ី បានអញ្ជើញនាយករដ្ឋមន្រ្តីកម្ពុជាដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅឥណ្ឌូណេស៊ី នាពេលពេលវេលាសមស្របណាមួយ នាពេលអនាគត៕