សម្ដេច ស ខេង៖ ជោគវាសនាអភិបាលខេត្តកំពង់ស្ពឺ នឹងទៅជាយ៉ាងណារងចាំការសម្រេចពីរដ្ឋាភិបាល

សង្គម​និង​សេដ្ឋកិច្ច

«គិតមកដល់ពេលនេះ នៅសល់ ២៥ថ្ងៃទៀត មានរយៈពេល ៨ឆ្នាំពេញហើយ សម្រាប់អាណត្តិអភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង ព្រោះតាមច្បាប់គឺកំណត់តំណែងអភិបាលខេត្តឲ្យពីរអាណត្តិ ដោយមួយអាណត្តិ ៤ឆ្នាំ។ បើសិន ៤ឆ្នាំហើយ អភិបាលខេត្តដល់អាយុ ៦០ឆ្នាំ គឺត្រូវដាក់ឲ្យចូលនិវត្តន៍ តែបើមិនទាន់ដល់អាយុទេអាចឲ្យធ្វើបន្ត ៤ឆ្នាំទៀត»។ ប្រសាសន៍សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និងសម្ពោធឆ្លងសមិទ្ធផលនានាវត្ត មុនីរង្ស៊ីរតនារាម (ហៅវត្តម្រុំខាងជើង) សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្ដេចក្រឡាហោម ស ខេង​ មានប្រសាសន៍ថា «ឥលូវ វ៉ី សំណាង បាន៨ឆ្នាំហើយ ខ្វះ ២៥ថ្ងៃ ហើយមិនដឹងថាជោគ​វាសនា​គាត់ទៅណាទៀត យើងមិនដឹងដែរ ទៅលើឬទៅក្រោម អាហ្នឹងច្បាប់គឺកំណត់ចឹង, ប៉ុន្តែ អាចថាអភិបាលខេត្តខ្លះគាត់ធ្វើទៅមានបញ្ហានេះបញ្ហានោះមិនអាចធ្វើតទៅទៀតបាន យើងក៏ធ្វើការសម្រួលឲ្យគាត់ដូរកន្លែង ឬក៏ផ្លាស់ប្តូរទៅខេត្តមួយទៀត ឬក៏ទៅក្រសួងជាដើម ហ្នឹងជាគោលការណ៍របស់យើង។ ចឹងទេ វ៉ី សំណាងនេះ គឺអាស្រ័យលើប្រមុខរដ្ឋាភិបាល រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពេលគាត់ដល់អាណតិ្តហើយ យកគាត់ទៅណា ទុកដាក់គាត់យ៉ាងមិច អាស្រ័យលើរដ្ឋាភិបាល។ ប៉ុន្តែ ខ្ញុំសូមធានាថា ខេត្តកំពង់ស្ពឺ ត្រូវតែមានអភិបាលខេត្ត»។

ការថ្លែងរបស់សម្តេចក្រឡាហោម អតីតរដ្ឋមន្រ្តីក្រសួងមហាផ្ទៃពាក់ព័ន្ធនឹងតំណែងអភិខេត្តកំពង់ស្ពឺរបស់លោក វុី សំណាង គឺនៅចំពោះមុខរដ្ឋមន្រ្តីក្រសួងមហាផ្ទៃបច្ចុប្បន្ន គឺឧបនាយករដ្ឋមន្រ្តី ស សុខា ក៏មានវត្តមាននៅទីនោះផងដែរ។

សូមបញ្ជាក់ថា លោក វ៉ី សំណាង ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា តែងតាំងជាអភិបាលខេត្តកំពង់ស្ពឺ ជំនួសលោក អ៊ូ សំអួន អភិបាលខេត្តកំពង់ស្ពឺចាស់ ដែលត្រូវផ្លាស់ទៅជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍជនបទ ដែលពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បានធ្វើឡើងនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦។

លោក វ៉ី សំណាង គឺជាកូនមន្ត្រីរាជការមួយស្ថិតក្នុង ភូមិព្រៃផ្តៅ ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។ ដោយ​សារ​តែមើលឃើញ នូវស្នាដៃនៃការខិតខំ និងសមត្ថភាពពេញលេញលោក វ៉ី សំណាង ត្រូវបានរដ្ឋាភិបាលស្នើព្រះមហា​ក្សត្រ តែងតាំងជាអភិបាលខេត្តកំពង់ស្ពឺ នៅឆ្នាំ២០១៦ ខណៈលោកជាអភិបាលរងខេត្តកំពង់ស្ពឺជាង ១ឆ្នាំ។ មុនឡើងមកកាន់ការងារជាអភិបាលខេត្តកំពតកំពង់ស្ពឺ លោក វ៉ី សំណាង មានបទពិសោធន៍ជិត ២០ឆ្នាំ នៅផ្នែករដ្ឋបាលព្រៃឈើ ហើយជាមន្ត្រីដែលចូលចិត្តធ្វើការតំបន់ព្រៃភ្នំផងដែរ។

លោក វ៉ី សំណាង គឺជាអភិបាលខេត្តដំបូងគេដែលបានបញ្ជាឱ្យទម្លាក់ស្លាកផ្សាយពាណិជ្ជកម្មស្រាបៀរទាំងអស់ចេញ​ពីក្នុងទឹកដីខេត្តកំពង់ស្ពឺ។ យុទ្ធនាការដ៏កម្រក្នុងទីផ្សារសេរីនេះ ទទួលបានការគាំទ្រយ៉ាងពេញទំហឹងតែម្តងមិនថាប្រជាជន ក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ និងមហាជនទូទាំងប្រទេស៕ អត្ថបទ៖ អក្ខរា