ប្រទេសកម្ពុជា នៅតែជាគោលដៅទេសចរណ៍ដ៏ពេញនិយមរបស់ភ្ញៀវទេសចរបារាំង ខណៈក្នុងរយៈពេល ៦ខែ ពោលគិតចាប់ពីខែមករា-ខែមិថុនា ដើមឆ្នាំ២០២៥ កម្ពុជា ទទួលបានភ្ញៀវទេសចរបារាំងប្រមាណជិត១សែននាក់ កើនជិត១៤%។

នេះបើយោងតាមកម្មវិធីអបអរសាទរទិវាបុណ្យជាតិនៃប្រទេសបារាំងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ក្រោមការអញ្ជើញជាអធិបតីភាព លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Jacques PELLET ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពូជា និងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងភ្ញៀវជាតិនិងអន្តរជាតិជាច្រើនរូប។
សូមជម្រាបជូនថា ប្រទេស និងប្រជាជនបារាំង តែងតែប្រារព្ធបុណ្យជាតិរៀងរាល់ថ្ងៃទី១៤ ខែកក្កដា នៃឆ្នាំនីមួយៗ ដើម្បីរំលឹកពីជ័យជម្នះរបស់ប្រជាជនក្នុងការដណ្តើមគុក Bastille ដែលជានិមត្តិរូបរបបរាជានិយមនាសម័យកាលនោះ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៧៨៩ និងជាការរំលឹកពីការរួបរួមគ្នាជាធ្លុងមួយនៃប្រជាជនបារាំង។
តាមរយៈប្រវត្តិសាស្រ្តរួមគ្នាជាងមួយសតវត្សរវាងកម្ពុជា និងបារាំង និងទំនាក់ទំនងមិត្តភាពដ៏ល្អរហូតមក ប្រទេសកម្ពុជា បានទទួលភ្ញៀវទេសចរបារាំងចំនួនជិត១សែននាក់នៅឆ្នាំ២០២៤ ហើយក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៥នេះដែរ កម្ពុជា ក៏ទទួលបានភ្ញៀវទេសចរបារាំងចំនួនប្រមាណ៧៥.០០០នាក់ កើនជិត១៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។
សូមរម្លឹកដែរថា បើតាមក្រសួងទេសចរណ៍ កាលពីពេលថ្មីៗនេះ ធ្លាប់បានឱ្យដឹងថា យោងតាមក្រសួងទេសចរណ៍ នៅក្នុងត្រីមាសទី១ ឆ្នាំ ២០២៥ កម្ពុជាទទួលបានភ្ញៀវទេចរអន្តរជាតិជាង ១,៨៣ លាននាក់ កើនឡើង១៦,១% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កម្ពុជា រំពឹងស្វាគមន៍ភ្ញៀវទេចរអន្តជាតិប្រមាណ ៧,៥ លាននាក់នៅឆ្នាំ២០២៥ ដែលនឹងបង្កើតចំណូលចូលសេដ្ឋកិច្ចជាតិ ប្រមាណជាង៥ពាន់លានដុល្លារផងដែរ៕ អត្ថបទ៖ ហ្សាលីន


