កូនស្រីពៅលោក ថាក់ស៊ីន៖ សន្តិភាពនឹងមានបន្តសម្រាប់ប្រទេសថៃ-កម្ពុជា ដែលនឹងនាំឱ្យសេដ្ឋកិច្ចនៃប្រទេសទាំងពីរមានការរីកចម្រើន

សង្គម​និង​សេដ្ឋកិច្ច

ប្រធានគណបក្សភឿថៃ ដែលបានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា បានគូសបញ្ជាក់ថា នៅពេលដែលប្រទេសមានសន្តិភាព អ្វីដែលត្រូវធ្វើបន្តគឺការធ្វើឱ្យសេដ្ឋកិច្ចមានការរីកចម្រើន។ លោកស្រីមានជំនឿថា សន្តិភាពនឹងមានបន្តសម្រាប់ប្រទេសថៃ-កម្ពុជា ដែលនឹងនាំឱ្យសេដ្ឋកិច្ចនៃប្រទេសទាំងពីរក៏មានការរីកចម្រើន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបជាមួយប្រធានគណបក្សភឿថៃ នាព្រឹកថ្ងៃទី១៨ ខែមីនានេះ លោក ជាម យៀប ប្រធានរដ្ឋសភាស្ដីទី មានប្រសាសន៍ថា ជំនួបនាពេលនេះ គឺនឹងជំរុញទំនាក់ទំនងរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សភឿថៃ ឱ្យកាន់តែស៊ីជម្រៅ ស្អិតរមួត និងទូលំទូលាយបន្ថែមទៀត ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរវាងសមាជិកសភានៃគណបក្សទាំងពីរ ដើម្បីការពារ និងបង្កើនផលប្រយោជន៍សម្រាប់ប្រជាជននៃទាំងពីរប្រទេស។

លោកក៏បានលើកឡើងពីទំនាក់ទំនងរដ្ឋសភានៃប្រទេសទាំងពីរ ដែលតែងតែផ្លាស់ប្តូរគណៈប្រតិភូទៅវិញទៅមក ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ជាពិសេសទស្សនកិច្ចរបស់ប្រធានរដ្ឋសភាថៃ ដែលនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជានៅថ្ងៃទី២១-២៣ ខែមីនា ឆ្នាំ២០២៤​ ខាងមុខនេះ។ ទន្ទឹមនឹងនេះ លោកបានគាំទ្រយ៉ាងពេញទំហឹង ចំពោះការផ្លាស់ប្តូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដែលបានលើកកម្ពស់ទំនាក់ទំនងទ្វេភាគីទៅជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ហើយនេះជាសក្ខីភាពបង្ហាញពីការរីកលូតលាស់នៃភាពសម្បូរបែបនៅក្នុងទំនាក់ទំនងទ្វេភាគី និងបន្តការរីកចម្រើនរួមក្នុងយុគសម័យថ្មី។

លើសពីនេះប្រធានរដ្ឋសភាស្ដីទី ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងថៃទាំងក្នុងក្របខណ្ឌទ្វេភាគី កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ ពិសេសលើវិស័យពាណិជ្ជកម្ម វិស័យទេសចរណ៍ ដែលមានសន្ទុះគួរឱ្យកត់សម្គាល់នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោកបន្តថា ប្រទេសទាំងពីរ គួរបង្កឱ្យមានលក្ខណៈងាយស្រួលដល់ច្រករបៀងទេសចរណ៍រវាងប្រទេសទាំងពីរ ជាពិសេសជំរុញយន្តការព្រះរាជាណាចក្រពីរ គោលដៅតែមួយ ធ្វើយ៉ាងណាឱ្យសន្ទុះនៃវិស័យទេសចរណ៍កើនឡើងទ្វេដង ដើម្បីជាផលប្រយោជន៍រួម។

ក្នុងជំនួបដដែលនេះលោកស្រី Paetongtarn Shinawatra ប្រធានគណបក្សភឿថៃ បានប្រាប់ពីដំណើរការនៃការដឹកនាំរដ្ឋាភិបាលនៅក្នុងប្រទេសថៃនាពេលបច្ចុប្បន្ន ដែលមានគណបក្សចំរុះកំពុងធ្វើការរួមគ្នា និងបានកសាងសុខសន្តិភាពដែលបានបាត់បង់មួយរយៈកាលមុន ឱ្យមានភាពល្អប្រសើរឡើងវិញ។ នៅពេលដែលប្រទេសមានសន្តិភាព អ្វីដែលត្រូវធ្វើបន្តគឺការធ្វើឱ្យសេដ្ឋកិច្ចមានការរីកចម្រើន។ លោកស្រីមានជំនឿថា សន្តិភាពនឹងមានបន្តសម្រាប់ប្រទេសទាំងពីរថៃ-កម្ពុជា ដែលនឹងនាំឱ្យសេដ្ឋកិច្ចនៃប្រទេសទាំងពីរក៏មានការរីកចម្រើនផងដែរ។

ទន្ទឹមនឹងនេះ លោកស្រីក៏បានលើកឡើងពីទំនាក់ទំនងដ៏ល្អរវាងគណបក្សភឿថៃ និងគណបក្សប្រជាជនកម្ពុជា ដែលមានតាំងពីយូរមកហើយ និងថា ត្រូវធ្វើឱ្យទំនាក់ទំនងដ៏ល្អនេះមានជាបន្តយូរអង្វែងទៅមុខទៀត។ លើសពីនេះលោកស្រីក៏បានគាំទ្រការលើកឡើងរបស់លោក ជាម យៀប ដែលលើកឡើងអំពីលក្ខណៈងាយស្រួលដល់ច្រករបៀងទេសចរណ៍រវាងប្រទេសទាំងពីរកម្ពុជា-ថៃ ជាពិសេសជំរុញយន្តការព្រះរាជាណាចក្រពីរ គោលដៅតែមួយ ផងដែរ​៕