ត្រឹមខែកុម្ភៈ ឆ្នាំនេះ៖ សាជីវកម្មធានាឥណទានកម្ពុជា បានធានាឥណទានដល់អាជីកម្មក្នុងស្រុក មានទឹកប្រាក់ជាង ១៧៤ លានដុល្លារ

សង្គម​និង​សេដ្ឋកិច្ច

សាជីវកម្មធានាឥណទានកម្ពុជា (CGCC) គិតត្រឹមចុងខែកុម្ភៈ ឆ្នាំ ២០២៤ បានផ្តល់ការធានាឥណទាន ក្នុង​ទំហំទឹកប្រាក់កម្ចីប្រមាណជាង ១៧៤ លានដុល្លារអាមេរិក ដើម្បីគាំទ្រ​សម្រាប់​ឥណទាន​អាជីវកម្ម ការវិនិយោគ និងជាទុនបង្វិលនៃការពង្រីកអាជីវកម្មក្នុងស្រុក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមរយៈព្រឹត្តិបត្រវឌ្ឍនភាពនៃការធានាឥណទានប្រចាំខែរបស់ CGCC ដែលផ្សាយចេញនៅង្ងៃទី ១៨ ខែមីនា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា បច្ចុប្បន្នភាពនៃទិន្នន័យការធានាឥណទានរបស់ CGCC គិតចាប់តាំងពីខែមេសា ឆ្នាំ២០២១ ដែល CGCC បានដាក់ឱ្យដំណើរការគម្រោងធានាឥណទានដំបូង រហូតដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ គឺបានផ្តល់ការធានាឥណទានជូនដល់ ២០៧០ គណនី ក្នុងទំហំទឹកប្រាក់កម្ចីប្រហាក់ប្រហែល ១៧៤.៥៤ លានដុល្លារ។

ព្រឹត្តិបត្រដដែល បានបង្ហាញទៀតថា នោះសម្រាប់កម្ចីជាប្រាក់រៀល មានទំហំ​ឥណទាន​ដែល​មាន​ការ​ធានា​សរុប​ជាង ១២០.៥៨ លានដុល្លារ និង​ទំហំ​ការ​ធានា​ឥណទាន​មាន​ជិត ៨៦.៩៩ លានដុល្លារ។

ចំពោះ​ប្រភេទអាជីវកម្មដែលបានផ្តល់ជូន គិតត្រឹមរយៈពេលនេះដែរ សរុបមានចំនួនជាង ២ ពាន់​ក្រុមហ៊ុន​/សហគ្រាស ក្នុងនោះអាជីវកម្មដែលគ្រប់គ្រងដោយស្រ្តីមាន ៨៨១ សហគ្រាស និងមិន​គ្រប់​គ្រង​ដោយស្រ្តីមានជាង ១១៨៩ ក្រុមហ៊ុន/ សហគ្រាស ។ ចំណែកប្រភេទនៃការកម្ចីវិញ អាជីវកម្ម​ដែលមានការទ្រព្យធានាមានចំនួន ៧៧១ ក្រុមហ៊ុន/សហគ្រាស និងគ្មាន ទ្រព្យធានា មាន​ចំនួន ១ ២៩៩ ក្រុមហ៊ុន/សហគ្រាស។

គួររំលឹកថា សាជីវកម្មធានាឥណទានកម្ពុជា ត្រូវបានបង្កើតឡើង នៅចុងឆ្នាំ២០២០ ដើម្បីចូលរួមចំណែកជួយដល់អាជីវកម្ម រួមទាំងសហគ្រាសធុនតូច និងមធ្យម និងក្រុមហ៊ុនធំៗ ដើម្បីបង្កើនលទ្ធភាពទទួលបានប្រាក់កម្ចីផ្លូវការពីស្ថាប័នហិរញ្ញវត្ថុដែលចូលរួមសម្រាប់ដើមទុនធ្វើការ ការវិនិយោគ និងការពង្រីកអាជីវកម្មនៅកម្ពុជា៕ អត្ថបទ៖ រង្សី