មន្រ្តី៖ ក្នុងមួយថ្ងៃ មានជើងហោះហើរជាមធ្យមចំនួន៥០ជើង បានឆ្លងកាត់ព្រលានយន្តហោះសៀមរាបថ្មី

សង្គម​និង​សេដ្ឋកិច្ច

មន្រ្តីជាន់ខ្ពស់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានឱ្យដឹងថា បច្ចុប្បន្នអាកាសយានដ្ឋានអន្តរជាតិថ្មីមួយនេះ ទទួលបានជើងហោះហើរជាមធ្យមចំនួន៥០ជើង ក្នុងមួយថ្ងៃ ដែលចំនួននេះមានការកើនឡើងប្រមាណ ៥ភាគរយ បើធៀបទៅនឹងអាកាសយានដ្ឋានចាស់។នេះបើតាមការជូនដំណឹងពីមន្ទីព័ត៌មានខេត្តសៀមរាប កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មន្ទីព័ត៌មានខេត្តសៀមរាប បានដក់ស្រង់សម្តី លោក ពេជ្រ សុប៉ុនតារា អ្នកទទួលបន្ទុកផ្នែករកក្រុមហ៊ុនយន្តហោះ នៃអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះថា ជារៀងរាល់ថ្ងៃអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ មានជើងហោះហើរជាមធ្យមចំនួន ៥០ជើងទាំងទៅនិងមក និងមានភ្ញៀវប្រហែល ៥.០០០នាក់ក្នុងមួយថ្ងៃ ដែលមានការកើនឡើងប្រហែល ៥ភាគរយបើប្រៀបធៀបទៅនឹងអាកាសយានដ្ឋានចាស់។

ដោយលោកបញ្ជាក់ទៀតថា៖« បច្ចុប្បន្នយន្តហោះរបស់យើង គឺបានហោះទៅកាន់ ៦ប្រទស នៅក្នុងតំបន់អាស៊ានលើកលែងតែប្រទេសព្រុយណេ ភូមា ឥណ្ឌូនេស៊ី និងហ្វីលីពីន។ ជាមួយគ្នានេះហើយក៏មានការហោះទៅកាន់ប្រទេសចិន និងកូរ៉េខាងត្បូងផងដែរ ខណៈដែលជើងហោះហើរពីប្រទេសឥណ្ឌានឹងមាននៅក្នុងអំឡុងខែមិថុនាខាងមុខនេះ ហើយយើងសង្ឃឹមថា នៅពេលខាងមុខ នឹងមានជើងហោះហើរថ្មីៗបន្ថែមពីអឺរ៉ុបនិងអាមេរិកផងដែរ»។

សូមរម្លឹកដែរថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានចាប់ផ្តើមបើកដំណើរការ ទទួលជើងហោះហើរលើកដំបូងជាផ្លូវការ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ។

អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានចាប់ផ្តើមសាងសង់កាលពីខែមីនា ឆ្នាំ២០២០ ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd (AIAI) ក្រោមទុនវិនិយោគប្រមាណ ១.១០០លានដុល្លារអាមេរិក ដែលជាការវិនិយោគ BOT (សាងសង់ ដំណើរការ និងផ្ទេរមកវិញ) ក្នុងរយៈពេល៥៥ឆ្នាំ។

អាកាសយាន្តដ្ឋាននេះ មានចំណតសម្រាប់ចតអាកាសយានចំនួន ៣៨ចំណត និងអាចទទួលអ្នកដំណើរតាមផ្លូវអាកាសបាន ៧លាននាក់ក្នុងមួយឆ្នាំ សម្រាប់ឆ្នាំ២០២៣ និងឈានទៅទទួលអ្នកដំណើរបាន ១២លាននាក់ ក្នុងមួយឆ្នាំ ចាប់ពី២០៤០។ ជាងនេះទៀត ព្រលានយន្តនេះត្រូវកសាងឱ្យទៅជាលំដាប់ថ្នាក់ 4E សម្រាប់យន្តហោះធំៗគ្រប់ប្រភេទ ដែលអាចហោះឡើង និងចុះចតបាន លើកលែងតែយន្តហោះBoeing៧៤៧-៨០០ និងយន្តហោះដែលមានទំហំស្លាបលើសពី៦៥ម៉ែត្រប៉ុណ្ណោះ៕ អត្ថបទ៖ រង្សី