សមាគមសារព័ត៌មានដែលផ្តោតលើជំនាញសេដ្ឋកិច្ចដំបូងគេ ត្រូវបានបង្កើតឡើងជាផ្លូវការ

សង្គម​និង​សេដ្ឋកិច្ច

ភ្នំពេញៈ ថ្នាក់ដឹកនាំស្ថាប័នសារព័ត៌មានមួយចំនួន បានផ្តួចផ្តើមគំនិតរួមគ្នា បង្កើតសមាគមសហគ្រិន​សារព័ត៌មាន​សេដ្ឋកិច្ចកម្ពុជា (CEMEA) ​​ដោយ​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ​ជាផ្លូវ​ការ កាលពី​ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ដើម្បី​រួម​ចំណែកលើកកម្ពស់​ការផ្សព្វផ្សាយ​ព័ត៌មានទាក់ទងនឹងសេដ្ឋកិច្ច ប្រកបដោយ​មូលដ្ឋានវិជ្ជាជីវៈ និងក្រមសីលធ៌ម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្នាក់ដឹកនាំសមាគមនេះ មកពីស្ថាប័នជាច្រើនដូចជា លោក យិន លាងគង់ ស្ថាបនិកនិងអគ្គនាយក​គេហទំព័រ​Propertyarea.asia & Cambodia Financialtimes.com លោក កៃ គឹមសុង អតីតនិពន្ឋនាយក​សារព័ត៌មាន​ភ្នំពេញប៉ុស្ត៍ និងជាស្ថាបនិកសារព័ត៌មាន​ Amazadia Education​ ​លោក លីម ឡាយហ៊ត ស្ថាបនិកសារព័ត៌មាន Asean Properties ​លោក សយ សុភា និពន្ឋនាយកសារព័ត៌មានដើមអម្ពិល លោក អាន ចាន់ថ្លា និពន្ឋនាយកសារព័ត៌មាន CEN លោក ផ្លុង វិចិត្រ ស្ថាបនិកនាយកសារព័ត៌មាន​ CCTIMES ​លោកស្រី ហាន ស៊ូជីន ស្ថាបនិកព្រឹត្តបត្រសកល លោក អ៊ុំ សារ៉ាវុធ ស្ថាបនិកសារព័ត៌មាន CFN ជាដើម។

លោក យិន លាងគង់ ​ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា បានលើកឡើងកាលពីល្ងាចថ្ងៃទី២៦ ខែមីនា កន្លងមកថា នៅសម័យសាធារណៈរដ្ឋប្រជាមានិតកម្ពុជា ចុងទសវត្សរ៍ទី៧០ ដល់ទសវត្សរ៍ទី៨០ ប្រព័ន្ឋផ្សព្វផ្សាយ​នៅ​កម្ពុជា ផ្សព្វផ្សាយតែពីបញ្ហាសង្រ្គាម និងការអំពាវនាវឲ្យជនរងជាតិខ្មែរវិលត្រលប់ចូលមាតុភូមិ។ នៅទសវត្សរ៍៩០ ប្រព័ន្ឋ​ផ្សព្វផ្សាយបានផ្សាយផ្តោត លើការបោះឆ្នោត និងលទ្ឋិប្រជាធិបតេយ្យ និងការរួបរួមជាតិ។ នៅទសវត្សរ៍ឆ្នាំ២០២០ គេ​ផ្តោតតែលើលទ្ឋិប្រជាធិបតេយ្យ ជម្លោះនយោបាយ និងសេដ្ឋកិច្ចខ្លះ។

ប៉ុន្តែចាប់ពីទសវត្សរ៍ឆ្នាំ២០១០ ដល់ឆ្នាំ២០២៤នេះ សារព័ត៌មានក្នុងស្រុកបានផ្តោតលើកត្តាសុខសន្តិភាព ការរីក​ចម្រើន​សេដ្ឋកិច្ចជាតិ និងវិបត្តិសកលផងដែរ។ លោក យិន លាងគង់ បញ្ជាក់។

លោកបានបន្តថា “អ្វីៗបានផ្លាស់ប្តូរហើយលើនិន្នាការសង្គម សេដ្ឋកិច្ច ដែលប្រព័ន្ឋផ្សព្វផ្សាយនានា គួរផ្តោតលើព័ត៌មាន​សេដ្ឋកិច្ច និងព័ត៌មានជាចំណេះដឹង ដែលមានលក្ខណៈវិជ្ជមានដល់ប្រជាពលរដ្ឋឲ្យបានដឹង”។ លោក​បន្ថែម​ថា “ប៉ុន្តែ​យើងសោកស្តាយ ដែលស្ថាប័នសារព័ត៌មាននៅកម្ពុជាតិចតួច បានផ្តោតលើផ្សព្វផ្សាយរឿងសេដ្ឋកិច្ច ព្រោះអ្នកសារព័ត៌មាន​ជំនាញខាងសេដ្ឋកិច្ច មានចំនួនតិចតួចបំផុត ដោយសារពួកគេទទួលការបណ្តុះបណ្តាល ពីគ្រូដែលគ្មានជំនាញ​ខាង​សេដ្ឋកិច្ច​កន្លងមក”។

ហេតុនេះ ទើបសមាគមនេះ ត្រូវបានបង្កើតឡើងដោយអ្នកសារព័ត៌មាន ដែលមានជំនាញ និងវិជ្ជាជីវៈច្បាស់លាស់​ខាង​សេដ្ឋកិច្ច ដើម្បីរួមចំណែកផ្សព្វផ្សាយព័ត៌មាន សេដ្ឋកិច្ច ប្រកបដោយវិជ្ជាជីវៈ គ្រប់ជ្រុងជ្រោយ និងប្រកបដោយពុទ្ឋិ ដល់​សាធារណៈជនជាតិ និងអន្តរជាតិអាចជឿ និងទុកចិត្តបាន។

លោក យិន លាងគង់ បាន​គូស​បញ្ជាក់​ទៀត​ថា គោលដៅរបស់សមាគម គឺចង់រួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុង​ការផ្សព្វផ្សាយលើកកម្ពស់​មុខមាត់របស់ជាតិ ទៅកាន់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ក៏ដូចជាចូលរួមជ្រោមជ្រែង​ដល់​សហគ្រិន អ្នកធុរកិច្ច និងអ្នកអភិវឌ្ឍន៍នានា ឲ្យទទួលបានព័ត៌មាន ដែលមានមូលដ្ឋានច្បាស់លាស់ សម្រាប់ពួកគេ ធ្វើការ​ពិចារណានិងសម្រេចចិត្តមកវិនិយោគនៅកម្ពុជា៕