គណៈប្រតិភូចិនចាប់អារម្មណ៍លើការវិនិយោគគ្រឿងយន្តកសិកម្មកម្ពុជា ក្នុងវិស័យកសិកម្មកម្ពុជា។ នេះបើតាមរយៈជំនួបពិភាក្សាការងាររវាងលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយគណៈប្រតិភូចិន កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥។

ក្នុងកិច្ចប្រជុំនេះ លោក ឌិត ទីណា បានសម្តែងការស្វាគមន៍ដល់គណៈប្រតិភូចិនដែលមានបំណងចង់វិនិយោគក្នុងប្រទេសកម្ពុជា និងរួមចំណែកក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន តាមរយៈច្រករបៀងមច្ឆានិងអង្ករ និងការអភិវឌ្ឍទំនើបកម្មគ្រឿងយន្តកសិកម្មផ្សារភ្ជាប់នឹងសេដ្ឋកិច្ច។
លោករដ្ឋមន្រ្តីក៏បានលើកទឹកចិត្តដល់ភាគីចិនឱ្យកសាងទំនុកចិត្តផលិតផលក្នុងទីផ្សារកម្ពុជា ដោយផ្តល់នូវសេវាកម្មគ្រឿងយន្តល្អ បច្ចេកវិទ្យាខ្ពស់ ផ្តល់ដំណោះស្រាយបច្ចេកទេស និងភាពជឿជាក់ ជួយឱ្យកសិករទទួលបានប្រាក់ចំណេញ កាត់បន្ថយថ្លៃដើមផលិតកម្ម ចំណេញពេលវេលា និងមានប្រសិទ្ធភាពសេដ្ឋកិច្ច។
សូមជម្រាបជូនថា កសិកម្ម គឺជាវិស័យអាទិភាពដ៏សំខាន់មួយរបស់កម្ពុជាដែលចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការធានាសន្តិសុខស្បៀង បង្កើតឱកាសការងារ និងប្រាក់ចំណូលទៅដល់ប្រជាពលរដ្ឋ ក៏ដូចជាការនាំចេញទៅទីផ្សារអន្តរជាតិ។
ការពង្រីកការវិនិយោគលើវិស័យកសិកម្ម គឺស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល ជាពិសេសលើការកែច្នៃផលិតផលប្រកបដោយគុណភាពសម្រាប់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងកសិកម្មតែងតែទាក់ទាញ ក៏ដូចជាលើកទឹកចិត្តដល់អ្នកវិនិយោគ ឱ្យវិនិយោគលើវិស័យកសិកម្មនេះនៅកម្ពុជាផងដែរ៕


