វិទ្យាស្ថានយុទ្ធសាស្រ្ត KSI គ្រោងរៀបចំកម្មវិធីចំនួន២ក្នុងឆ្នាំ២០២៤នេះ ដោយយកកម្ពុជាធ្វើជាម្ចាស់ផ្ទះ

សង្គម​និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យលោក តាន់ ស្រ៊ី មីសែល យ៉ាវ (Tan Sri Michael Yeoh) ប្រធានវិទ្យាស្ថានយុទ្ធសាស្រ្ត KSI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ នាវិមានសន្តិភាព។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងជំនួបនោះ បន្ថែមលើនេះ លោក Tan Sri Michael Yeoh  បានគោរពជម្រាបជូនសម្តេចធីបតី អំពីការបង្កើត ASEAN Economic Club នៅកម្ពុជា ហើយក្នុងឆ្នាំ២០២៤នេះ វិទ្យាស្ថានយុទ្ធសាស្រ្ត KSI បានផ្តួចផ្តើមគំនិតស្នើសុំឱ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តការណ៍ចំនួន២ ទី១, កិច្ចប្រជុំកំពូលសាកលស្តីពីបច្ចេកវិទ្យា និងសេដ្ឋកិច្ចចិន (Global Chinese Economic & Technology Summit-GCET) 2024 និងទី២, កិច្ចប្រជុំកំពូលស្តីពីសហគ្រិនភាព និង សេដ្ឋកិច្ចអាស៊ី (Asia Economic & Entrepreneurship Summit -AEES) 2024 ។

លោកបន្តថា កម្មវិធីទាំង២នេះ គឺជាឱកាសក្នុងការទាក់ទាញវិនិយោគិនក្នុងតំបន់អាស៊ាន និងជុំវិញពិភពលោក អំពីឱកាសវិនិយោគនៅកម្ពុជា។ ជាមួយគ្នានេះ លោកប្រធានវិទ្យាស្ថាន ក៏បានគោរពអញ្ជើញសម្តេចនាយករដ្ឋមន្ត្រី ធ្វើជាអធិបតី និងថ្លែងសុន្ទរកថាគន្លឹះ ក្នុងកម្មវិធីទាំង២នេះផងដែរ។

ជាការឆ្លើយតបអំពីការរៀបចំកម្មវិធីទាំងពីរនេះ សម្តេចធិបតី បានណែនាំឱ្យវិទ្យាស្ថានយុទ្ធសាស្រ្ត KSI ធ្វើការពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជាបន្ថែមទៀត។ សម្តេចធិបតី បានទទួលយកការអញ្ជើញរបស់លោកប្រធានវិទ្យាស្ថានក្នុងការចូលរួមជាអធិបតី និងថ្លែងសុន្ទរកថាគន្លឹះ ក្នុងកម្មវិធីទាំងពីរនេះផងដែរ៕