សហគ្រាស CHN ENERGY សម្លឹងមើលកាលានុវត្ដភាពវិនិយោគនៅកម្ពុជា ក្នុងទំហំទឹកប្រាក់ប្រមាណជាង១ពាន់លានដុល្លារ

សង្គម​និង​សេដ្ឋកិច្ច

សហគ្រាស CHN ENERGY កំពុងសម្លឹងមើលកាលានុវត្តភាពវិនិយោគលើគម្រោងថាមពលកកើតឡើងវិញ នៅក្នុងទេសកម្ពុជា។ ការសម្លឹកមើលឱកាសនេះ ធ្វើឡើងនៅក្នុងជំនួបរវាងលោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងលោក អាយ ស៊ាង តំណាង សហគ្រាស CHN ENERGY នៅរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ជំនួបនេះធ្វើឡើងនៅក្នុងគោលបំណងពិនិត្យ និងពិភាក្សាអំពីកាលានុវត្តភាពវិនិយោគលើគម្រោងថាមពលកកើតឡើងវិញដែលមានទុនវិនិយោគប្រមាណជាង ១ពាន់លានដុល្លារក្នុងប្រទេសកម្ពុជា។

ជាមួយគ្នានោះ សមភាគីបានលើកឡើងអំពីបំណងបណ្តាក់ទុនវិនិយោគលើគម្រោងថាមពលកកើតឡើងវិញមានជាអាទិ៍គម្រោងសាងសង់ និងប្រតិបត្តិការវារីអគ្គិសនី និងគម្រោងថាមពលដើរដោយពន្លឺព្រះអាទិត្យ ដោយហេតុថាកម្ពុជា គឺជាទីតាំងយុទ្ធសាស្ត្រប្រកបដោយសក្តានុពលក្នុងការប្រកបធុរកិច្ចលើវិស័យខាងលើ អបដោយអេកូឡូស៊ីគាំទ្រដល់ប្រតិបត្តិការអាជីវកម្មប្រកបដោយភាពទាក់ទាញ និងលេចធ្លោជាងគេក្នុងតំបន់។ 

ជាការឆ្លើយតប លោក សួន សុផល បានសម្តែងនូវការស្វាគមន៍សម្រាប់បំណងរបស់សហគ្រាសក្នុងការបណ្តាក់ទុនវិនិយោគក្នុងប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានត្រៀមលក្ខណៈរួចជាស្រេចក្នុងការផ្តល់កិច្ចសម្រួលវិនិយោគជូនសមភាគីប្រកបដោយទំនុកចិត្តខ្ពស់។

អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ក៏ផ្ដល់ការណែនាំណែនាំជូនភាគីមិត្តឱ្យបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធសំដៅបន្ស៊ីគម្រោងវិនិយោគខាងលើឱ្យមានសង្គតិភាពជាមួយផែនការមេសម្រាប់អភិវឌ្ឍវិស័យថាមពលអគ្គិសនី ២០២២-២០៤០៕