អូស្ត្រាលី ចាត់ទុក​​វិស័យពាណិជ្ជកម្មនិងវិនិយោគ ជាវិស័យអាទិភាពដែល​ត្រូវបន្តកិច្ចសហប្រតិបត្តិការ​ជាមួយកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

ក្រៅពីវិស័យកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ថាមពលបៃតង និងការពារជាតិ និងសន្តិសុខជាដើម វិស័យពាណិជ្ជកម្ម និងវិនិយោគ ក៏ជាវិស័យអាទិភាព ដែលប្រទេសអូស្ត្រាលី នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាផងដែរ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបសម្តែងការគួរសម ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅវិមានសន្តិភាព កាលពីរសៀល ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ចាស្ទីន ខេវិន វ៉ាយអេត (Justin Kevin Whyatt) ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់អំពីទំនាក់ទំនងដ៏ល្អរវាងអូស្រ្តាលី-កម្ពុជា ហើយក៏បានអរគុណចំពោះការគាំទ្រ និងកិច្ចសហប្រតិបត្តិការរបស់ក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជាក្នុងការរឹតចំណងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលកន្លងមក។

ឯកឧត្តម ចាស្ទីន ខេវិន វ៉ាយអេត ក៏បានគូសបញ្ជាក់ថា អូស្ត្រាលី នឹងបន្តគាំទ្រលើកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ តាមរយៈការបន្តផ្តល់អាហារូបករណ៍បន្ថែម ដល់និស្សិតកម្ពុជា និងការភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យអូស្ត្រាលី និងសាកលវិទ្យាល័យនានា របស់កម្ពុជា។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីរីករាយចំពោះវឌ្ឍនភាពលើកិច្ចសហប្រតិបត្តិការដែលសម្តេចនិងឯកឧត្តមនាយករដ្ឋមន្រ្តីអូស្រ្តាលី បានពិភាក្សាគ្នានាពេលកន្លងមក និងបានវាយតម្លៃខ្ពស់ចំពោះការគាំទ្រលើវិស័យអាទិភាព និងលើកិច្ចសហប្រតិបត្តិការ ពីសំណាក់ប្រទេសអូស្រ្តាលី។

ពាក់ព័ន្ធនឹងវិស័យវិនិយោគ និងពាណិជ្ជកម្ម សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានបញ្ជាក់ពីការជំរុញនូវការតភ្ជាប់រវាងវិស័យឯកជន និងឯកជន ហើយមានជំនឿជាក់ថា ការភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងកាន់តែប្រសើរឡើង ដើម្បីផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជន។

ចំពោះវិស័យហេដ្ឋារចនាសម្ព័ន្ធ និងថាមពលបៃតង សម្តេចធិបតី បានគូសបញ្ជាក់អំពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍថាមពលបៃតង ដោយលើកកម្ពស់ការចូលរួមរបស់វិស័យឯកជនលើការអភិវឌ្ឍ និងការវិនិយោគលើវិស័យទាំងនេះ។

ខណៈក្នុងក្របខ័ណ្ឌវិស័យការពារជាតិ និងសន្តិសុខ សម្តេចធិបតី បានបញ្ជាក់ពីការបន្តនូវការផ្សារភ្ជាប់ទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ កម្ពុជា-អូស្រ្តាលី តាមរយៈការជំរុញការបណ្តុះបណ្តាល និងការកសាងសមត្ថភាព ជាដើម។

គួបញ្ជាក់ថា ក្នុងជំនួបនេះ សម្តេចធិបតី និងឯកឧត្តម ឯកអគ្គរដ្ឋទូតក៏បានផ្លាស់ប្តូរយោបល់គ្នាអំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងការចូលរួមចំណែកថែរក្សានូវសុខសន្តិភាព និងវិបុលភាពនៅក្នុងតំបន់ និងអន្តរជាតិ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគីផងដែរ៕