រដ្ឋាភិបាល សម្រេចធ្វើសមាហរណកម្មនិងដំឡើងរបបសន្តិសុខសង្គម សម្រាប់អតីតមន្ត្រីរាជការស៊ីវិលនិងអតីតយុទ្ធជន

សង្គម​និង​សេដ្ឋកិច្ច

យោងតាមអនុក្រឹត្យដែលចុះហត្ថលេខា ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤​នេះ បានកំណត់ថា អតីតមន្ត្រីរាជការស៊ីវិលនិងអតីតយុទ្ធជន ដែលបានចូលនិវត្តន៍មុនឆ្នាំ២០១៥ ត្រូវបានធ្វើសមាហរណ​កម្មទៅ​ក្នុង ប្រព័ន្ធរបបសន្តិសុខសង្គមថ្មី ដោយប្រើប្រាស់មូលដ្ឋាននៃការគណនារបបសន្តិសុខសង្គមប្រចាំខែផ្អែកលើប្រព័ន្ធបៀវត្ស ដែលត្រូវបានកែសម្រួលក្រោយឆ្នាំ២០​១៥ ជាគោល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អនុក្រឹត្យ បានកំណត់ទៀតថា អតីតមន្ត្រីរាជការស៊ីវិលនិងអតីតយុទ្ធជន ដែលត្រូវបានធ្វើសមាហរណកម្ម ទៅ​ក្នុងប្រព័ន្ធរបបសន្តិសុខសង្គមថ្មីខាងលើ និងអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជនដែលបានចូលនិវត្តន៍ចន្លោះពីឆ្នាំ២០​១៥ ដល់ឆ្នាំ២០១៩ ត្រូវបានផ្តល់របបសន្តិសុខសង្គមប្រចាំខែផ្អែកលើមូលដ្ឋាននៃការគណនាតាមតម្លៃឯកតានៃសន្ទស្សន៍បៀវត្សមូលដ្ឋានដែលមានជាធរមាននៅចន្លោះឆ្នាំ២០២០ ដល់ ឆ្នាំ២០២៣។ សាមីខ្លួននឹងត្រូវផ្តល់របបសន្តិសុខសង្គមប្រចាំខែបច្ចុប្បន្ន ក្នុងករណីរបបសន្តិសុខសង្គមប្រចាំខែដែលមានកំណត់ ក្នុងវាក្យខណ្ឌខាងលើ មានកម្រិតទាបជាងរបបសន្តិសុខសង្គមប្រចាំខែដែលសាមីខ្លួនកំពុងទទួលបាន។

ជាមួយគ្នានេះ អនុក្រឹត្យដដែលក៏បានកំណត់ដែរថា របបសន្តិសុខសង្គមប្រចាំខែរបស់អតីតមន្ត្រីរាជការស៊ីវិលនិងអតីតយុទ្ធជន ដែលមានកម្រិតទាបជាង ៨២៥ ០០០រៀល ត្រូវដំឡើងឱ្យដល់ ៨២៥ ០០០ រៀល។ ហើយរបបសន្តិសុខសង្គមប្រចាំខែសម្រាប់អតីតមន្ត្រីរាជការស៊ីវិលនិងអតីតយុទ្ធជន ដែលបានកំណត់ខាងលើ ត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤៕