កម្ពុជា កំពុងជំរុញកិច្ចព្រមព្រៀងស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា (DTA) ជាមួយប្រទេស ចំនួន៧

សង្គម​និង​សេដ្ឋកិច្ច

បច្ចុប្បន្នអគ្គនាយកដ្ឋានពន្ធដារ កំពុងខិតខំប្រឹងប្រែងចរចាកិច្ចព្រមព្រៀង DTA ជាមួយរដ្ឋបាលសារពើពន្ធនៃបណ្តាប្រទេសជាដៃគូចំនួន ៧ ដើម្បីបង្កើនការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ព្រមទាំងបង្កើនភាពប្រកួតប្រជែងជាអន្តរជាតិ។នេះបើយោងតាមព្រឹត្តិបត្រព័ត៌មានប្រចាំសប្តាហ៍របស់អគ្គនាយកដ្ឋានពន្ធដារ ដែលបានផ្សព្វផ្សាយកាលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រឹត្តិបត្រព័ត៌មាន បានបន្តថា ប្រទេសដែលកម្ពុជាកំពុងខិតខំជំរុញកិច្ចព្រមព្រៀងស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា (DTA)  រួមមាន ហ្វីលីពីន ឡាវ មីយ៉ាន់ម៉ា អេមីរ៉ាតអារ៉ាប់រួម ជប៉ុន ម៉ារ៉ុក និងបារាំង។

ព្រឹត្តិបត្រព័ត៌មានរបស់អង្គភាពពន្ធដារ បានបន្តថា កិច្ចព្រមព្រៀង ស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា (DTA) មិនគ្រាន់តែបង្កើតឡើង ដើម្បីចៀសវាងការយកពន្ធត្រួតគ្នាប៉ុណ្ណោះទេ តែកិច្ចព្រមព្រៀងនេះ បាននិងកំពុងដើរតួនាទីដ៏សំខាន់ ក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ព្រមទាំងបង្កើនភាពប្រកួតប្រជែងជាអន្តរជាតិ ពិសេសវាក៏នឹងផ្តល់ជាយន្តការដោះស្រាយវិវាទសារពើពន្ធ និងយន្តការផ្លាស់ប្តូរព័ត៌មាន រវាងរដ្ឋភាគីនៃកិច្ចព្រមព្រៀង ដើម្បីដោះស្រាយបញ្ហាការគេចវេះពន្ធជាដើម។

សូមជម្រាប់ដែរថា បច្ចុប្បន្នកិច្ចព្រមព្រៀង ស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា ​(DTA) រវាងកម្ពុជាជាមួយប្រទេស ដែលជាយុត្តាធិការដៃគូចំនួន ១១ ដែលមានប្រសិទ្ធភាពអនុវត្តរួមមាន៖ សិង្ហបុរី ចិន ថៃ ព្រុយណេ វៀតណាម ឥណ្ឌូនេស៊ី ម៉ាឡេស៊ី កូរ៉េខាងត្បូង តំបន់រដ្ឋបាលពិសេសហុងកុង តំបន់រដ្ឋបាលពិសេសម៉ាកាវ និងតួកគី។

ចំពោះនិវាសនជននៃប្រទេស ដែលបានចុះកិច្ចព្រមព្រៀង ត្រូវដាក់ពាក្យស្នើសុំត្រួតពិនិត្យលក្ខណសម្បត្តិជាមុន មកអគ្គនាយកដ្ឋានពន្ធដារ ដើម្បីទទួលបានអត្ថប្រយោជន៍ពី DTA៕