ផុតឱសានវាទ! កម្ពុជាសម្រេចបិទការនាំចូលបន្លែ និងផ្លែឈើរបស់ថៃតាមព្រំដែនទាំងអស់ ដើម្បីឆ្លើយតបការគំរាមកំហែងរបស់យោធាថៃ

សង្គម​ និង​សេដ្ឋកិច្ច

នាវេលាម៉ោង១១ព្រឹក ថ្ងៃទី១៧ ខែមិថុនានេះ កម្ពុជាបានសម្រេចកាត់ផ្ដាច់ការនាំចូលបន្លែ និងផ្លែឈើទាំងអស់របស់ថៃ ដែលនាំចូលតាមព្រំដែនមកកាន់ប្រទេសកម្ពុជា ដើម្បីជាការឆ្លើយចំពោះភាពគំរាមកំហែង និងប្រមាថរបស់ក្រុមយោធាថៃ ក្រោយស្ថានភាពតាងតឹងដាក់គ្នាលើបញ្ហាព្រំដែនប្រទេសទាំងពីរដែលបង្កដោយភាគីថៃ បន្ទាប់ពីឱសានវាទរយៈពេល ២៤ម៉ោង ដែលជាការដាក់កំហិតរបស់រាជរដ្ឋាភិបាលកម្ពុជា បានដល់ពេលកំណត់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានថ្លែងប្រាប់បណ្ដាញព័ត៌មានហ្វ្រេសញូស៍ នៅវេលាម៉ោងជាង១១ព្រឹក ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះថា មកទល់ពេលនេះនៅតាមច្រកទ្វារព្រំដែនទាំងអស់របស់កម្ពុជា បានបិទចោលទាំងស្រុងនូវការនាំចូលបន្លែ និងផ្លែឈើគ្រប់ប្រភេទ ដែលនាំពីប្រទេសថៃ ចូលមកក្នុងប្រទេសកម្ពុជា។

សូមជម្រាបថា តាមរយៈថ្លែងសារពិសេស ចេញពីវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដោយមានកិច្ចពិភាក្សារវាងនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានកំណត់ទុកពេល ២៤ម៉ោង ព្រមានបិទច្រកព្រំដែនកម្ពុជា-ថៃទាំងអស់ ចាប់ពីថ្ងៃទី១៧ ខែមិថុនាតទៅ ដោយហាមលើការនាំចូលបន្លែ ផ្លែឈើ ចូលមកកម្ពុជា បើសិនជាភាគីថៃ មិនព្រមបើកច្រកព្រំដែនឱ្យដំណើរការធម្មតាវិញ ដូចមុនពេលមានជម្លោះព្រំដែន៕