អគ្គបញ្ជាការកម្ពុជា-ថៃ ឯកភាពគ្នាលើ៤ចំនុច ក្រោយមានព្រឹត្តិការណ៍ប៉ះទង្គិចប្រដាប់អាវុធនៅព្រំដែន

សង្គម​ និង​សេដ្ឋកិច្ច

ពាក់ព័ន្ធព្រឹត្តិការណ៍ប៉ះទង្គិចប្រដាប់អាវុធនៅព្រំដែនរវាងកងទ័ពកម្ពុជា-ថៃ អគ្គបញ្ជាការដ្ឋានប្រទេសទាំងពីរ បានឯកភាពគ្នាលើ៤ចំនុច ខណៈភាគីកម្ពុជា ក៏បានស្នើឱ្យមានការគោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីទៅវិញទៅមកផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមលទ្ធផលនៃកិច្ចចចារបញ្ហាព្រំដែន ពាក់ព័ន្ធព្រឹត្តិការណ៍ប៉ះទង្គិចប្រដាប់អាវុធរវាងកងទ័ពប្រទេសទាំង២ រវាងនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ និងនាយឧត្តមសេនីយ៍ Pana Klaewblaudtuk មេបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃ កាលរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ។

នៅក្នុងជំនួបចរចារវាងអគ្គបញ្ជាការកម្ពុជា-ថៃ ទទួលបានលទ្ធផល និងឯកភាពលើចំនុចសំខាន់ៗចំនួន៤ រួមមាន៖

១៖ ភាគីទាំងពីរ បន្តដោះស្រាយស្ថានការណ៍តាមគ្រប់យន្តការដែលមានស្រាប់ ដូចជាគណៈកម្មាធិការព្រំដែនចម្រុះ (JBC) គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) និងអនុស្សរណៈ នៃការយោគយល់គ្នា ឆ្នាំ២០០០ ស្តីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ ដើម្បីឱ្យ ព្រំដែនប្រទេសយើងទាំងពីរ ក្លាយទៅជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

២៖ ភាគីទាំងពីរ បន្តគ្រប់គ្រងស្ថានការណ៍តាមស្ថានភាពដើម រក្សាភាពអត់ធ្មត់ និងដោះស្រាយរាល់បញ្ហាតាមរយៈគណៈកម្មាធិការព្រំដែនចម្រុះ (JBC) ដែលនឹងប្រព្រឹត្តឡើងក្នុងរយៈពេល២ ឬ៣សប្ដាហ៍ខាងមុខ ដើម្បីរក្សាទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។

៣៖ ភាគីកម្ពុជា ស្នើឱ្យមានការគោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីទៅវិញទៅមក ធ្វើយ៉ាងណាកុំឱ្យមានអរិភាពដូចព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។

៤៖ ភាគីកម្ពុជា នឹងមិនដកថយ ឬឈរជើងដោយគ្មានអាវុធ នៅចំណុចដែលបាន ប៉ះទង្គិចគ្នានោះទេ ព្រោះទីតាំងនោះភាគីកម្ពុជាបានឈរជើងតាំងពីមុនពេលចុះហត្ថលេខា​លើ អនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ២០០០ ស្តីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោករវាង កម្ពុជា-ថៃ។

សូមរម្លឹកដែរថា កាលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ មានការប៉ះទង្គិចគ្នារវាងកម្លាំងទាហានកម្ពុជា និងថៃ បានបង្កឱ្យយុទ្ធជនខ្មែរម្នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍មួយកើតឡើងក្នុងតំបន់មុំបីនៃតំបន់ព្រំដែនខេត្តព្រះវិហារ ជាប់នឹងខេត្តអ៊ូបុន រ៉ាត់ឆាថានី Ubon Ratchathani របស់ប្រទេសថៃ។ក្រោយមានការប៉ះទង្គិចនេះ ភាគីទាំងពីរ បានបើកការចរចារួមគ្នា ដើម្បីសម្រាលសភាពការណ៍នេះត្រលប់មកវិញ៕អត្ថបទ៖ហ្សាលីន