កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តពង្រឹងនិងពង្រីកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

សង្គម​និង​សេដ្ឋកិច្ច

កម្ពុជា-ជប៉ុន បានបង្ហាញភាពពេញចិត្តចំពោះការដំឡើងទំនាក់ទំនងទ្វេភាគីពី “ភាពជាដៃគូយុទ្ធសាស្ត្រ» ទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» នៅក្នុងឆ្នាំនេះ។ ជាពិសេស ការជំរុញការចាប់ផ្តើមឡើងវិញនូវជើងហោះហើរត្រង់រវាងប្រទេសទាំងពីរឱ្យបានឆាប់ ដើម្បីជំរុញវិស័យទេសចរណ៍ផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបសម្ដែងការគួរសម និង ពិភាក្សាការងារ រវាងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោកUENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា កាលពីថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២៣ ភាគីទាំងពីរបានពិភាក្សាអំពីមធ្យោបាយនានា ក្នុងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ រួមមាន វិស័យពាណិជ្ជកម្ម និង ការវិនិយោគ ការកសាងសន្តិភាព ការដោះមីន ការអភិវឌ្ឍធនធានមនុស្ស សិទ្ធិមនុស្ស និងលទ្ធិ ប្រជាធិបតេយ្យ វប្បធម៌ ចំណងរវាងប្រជាជននិងប្រជាជន និងទេសចរណ៍ ជាដើម។

លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានកត់សម្គាល់ថា មិត្តភាព និងកិច្ចសហ- ប្រតិបត្តិការពហុវិស័យរវាងប្រទេសទាំងពីរ នៅតែរឹងមាំ និងបន្តរីកចំរើន ទោះបីជាមានជំងឺរាតត្បាត កូវីដ-១៩ ក្ដី ដូចដែលបានបង្ហាញឱ្យឃើញតាមរយៈការស្ដារពាណិជ្ជកម្មឡើងវិញយ៉ាងរឹងមាំ ជិត ដល់កម្រិតមុនពេលមានវិបត្តិជំងឺកូវីដ-១៩ ការវិនិយោគដ៏រឹងមាំ កិច្ចសហប្រតិបត្តិការយោធាដែល ត្រូវបានពង្រឹង និងការបន្តការគាំទ្ររបស់ជប៉ុននៅលើគ្រប់វិស័យ។

លោកប្រាក់ សុខុន បានថ្លែងអំណរគុណដល់ប្រទេសជប៉ុន ចំពោះជំនួយ អភិវឌ្ឍន៍ផ្លូវការដែលបានផ្តល់មកកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការចូលរួមចំណែក របស់ប្រទេសជប៉ុនក្នុងការជួយកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈការផ្តល់វ៉ាក់សាំង ចំនួន ១៣ លានដូស ព្រមទាំងឥណទានសម្បទានចំនួន ៤១៦ លានដុល្លារអាមេរិក សម្រាប់ការស្តារ ឡើងវិញក្រោយពីជំងឺរាតត្បាតកូវីដ-១៩ របស់កម្ពុជា និងសម្ភារៈវេជ្ជសាស្ត្រ ដទៃទៀត។

គួរបញ្ជាក់ថា កម្ពុជា និងជប៉ុន បានភ្ជាប់ទំនាក់ទំនងការទូតជាផ្លូវការនៅឆ្នាំ១៩៥៣។ នៅឆ្នាំ២០២៣នេះ ទំនាក់ទំនងការទូតកម្ពុជា និងជប៉ុន មានអាយុកាលគម្រប់ ៧០ឆ្នាំហើយ។ ផ្តើមចេញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ប្រសើរនេះ កម្ពុជា និងជប៉ុន ក៏បានជំរុញការវិនិយោគ និងពាណិជ្ជកម្មក្នុងកំណើនគួរឱ្យកត់សម្គាល់ ក្នុងនោះឆ្នាំ២០២១ ទំហំពាណិជ្ជកម្មកម្ពុជា និងជប៉ុន សម្រេចបានប្រមាណ ១,៧០០លានដុល្លារអាមេរិក។ ទំនិញដែលកម្ពុជានាំចេញទៅជប៉ុន មានដូចជា៖ សម្លៀកបំពាក់ ស្បែកជើង គ្រឿងសង្ហារឹម គ្រឿងសម្អាង ក្រដាស សម្ភារៈការិយាល័យ ស្បែកសត្វ សត្វពាហៈ លោហធាតុជាដើម៕