អូស្រ្តាលីបាន និងកំពុងសហការជាមួយកម្ពុជា តាមរយៈក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការពង្រីកសេវា ទឹកស្អាតដែលមានតម្លៃសមរម្យ និងអាចទុកចិត្តបាននៅទូទាំងប្រទេសកម្ពុជា តាមរយៈកម្មវិធីភាពជាដៃគូ កម្ពុជា អូស្រ្តាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់។

ជាក់ស្តែង កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ស្ថានទូតអូស្ត្រាលី និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏ទើបតែបានសម្ពោធដាក់ឱ្យដំណើរការស្ថានីយផ្គត់ផ្គង់ទឹកស្អាត និងបណ្តាញចែកចាយទឹកស្អាតថ្មី ដែលធន់នឹងអាកាសធាតុ នៅស្រុកតាំងគោក ខេត្តកំពង់ធំ ដោយពង្រីកការផ្គត់ផ្គង់ទឹកស្អាតទៅដល់ប្រជាពលរដ្ឋជាង ១០.០០០ នាក់។
ស្ថានីយផ្គត់ផ្គង់ទឹកស្អាតពង្រ មានសមត្ថភាពផ្គត់ផ្គង់ទឹកស្អាត និងមានសុវត្ថិភាពសម្រាប់ការប្រើប្រាស់ក្នុង គ្រួសារ រួមទាំងដល់សាលារៀនចំនួន៤ និងមណ្ឌលសុខភាពចំនួន១ មូលដ្ឋាន នៅក្នុង ៧ ភូមិ ដែលរួមចំណែកដល់ គោលដៅរបស់កម្ពុជា ក្នុងការសម្រេចឱ្យបាននូវសកលកម្មទឹកស្អាតត្រឹមឆ្នាំ២០៣០ ព្រមទាំងពង្រឹងភាពធន់សហគមន៍ទៅនឹងគ្រោះទឹកជំនន់ និងរាំងស្ងួត។ ការវិនិយោគនេះជាផ្នែកមួយនៃភាពជាដៃគូរយៈពេលវែងរវាងអូស្ត្រាលី និងកម្ពុជា ក្នុងការពង្រីកសេវាផ្គត់ផ្គង់ទឹកស្អាតនៅតំបន់ជនបទ ដោយគាំទ្រប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតជាង ៩០ កន្លែងនៅទូទាំងប្រទេស និងបានជួយពលរដ្ឋកម្ពុជាជាង ១,២ លាននាក់ ឱ្យទទួលបានទឹកស្អាតដែលមានសុវត្ថិភាព និងតម្លៃសមរម្យ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។

លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖ “នេះជាសមិទ្ធផលថ្មីមួយទៀត ក្នុងការពង្រីកសេវាផ្គត់ផ្គង់ទឹកស្អាតដែលមានសុវត្ថិភាព តម្លៃសមរម្យ និងធន់នឹង អាកាសធាតុ ក្រោមការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលអូស្រ្តាលីដល់វិស័យឯកជន ហើយក៏ជានិម្មិតរូបមួយនៃភាពរីកចម្រើននៃចំណងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ កម្ពុជា-អូស្រ្តាលី ដែលមានរយៈពេលជាង៧០ឆ្នាំមកហើយ។ អូស្ត្រាលីអនុវត្តវិធីសាស្ត្រហិរញ្ញប្បទាន និងផ្តល់ជំនួយបច្ចេកទេសប្រកបដោយភាពច្នៃប្រឌិត ដើម្បីទាក់ទាញការវិនិយោគឯកជន និងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតទៅកាន់តំបន់ ដែលកន្លងមកត្រូវបានមើលឃើញថាមិនមានសក្តានុពលសម្រាប់អាជីវកម្ម។ ការផ្តល់បដិភាគតម្លៃសេវាតំណភ្ជាប់បណ្តាញទឹកស្អាតសម្រាប់ប្រជាជនដែលកាន់បណ្ណក្រីក្រ និងស្ថាប័នសាធារណៈជួយឱ្យសហគមន៍ទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធទាំងនេះប្រកបដោយសមធម៌។

លោក ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បានលើកឡើងថា៖ “ការទទួលបានទឹកស្អាតដែលអាចទុកចិត្តបានជាមូលដ្ឋានគ្រឹះនៃសុខុមាលភាព ផលិតភាព និងកំណើនសេដ្ឋកិច្ច។ អូស្ត្រាលីកំពុងជួយដល់ប្រតិបត្តិករឯកជន ក្នុងការផ្តល់សេវាក្នុងតំបន់ដែលមិនទាន់មានទឹកស្អាត ព្រមទាំងធានាថាគ្រួសារក្រីក្រអាចទទួលបានទឹកស្អាតប្រើប្រាស់ក្នុងតម្លៃសមរម្យ។ រោងចក្រទឹកស្អាតថ្មីនេះនឹងជួយលើកកម្ពស់សុខមាលភាពពលរដ្ឋឱ្យកាន់តែប្រសើរឡើង កាត់បន្ថយភាពងាយរងគ្រោះពីផលវិបាកនៃការប្រែប្រួលអាកាសធាតុ និងបង្កើតឱកាសថ្មីសម្រាប់គ្រួសារទទួលផលនៅក្នុងខេត្តកំពង់ធំ។”
សូមបញ្ជាក់ថា នៅទូទាំងប្រទេស ប្រមាណ ៥៥ ភាគរយនៃភូមិទាំងអស់មានសេវាផ្គត់ផ្គង់ទឹកស្អាត។ សម្រាប់ខេត្តកំពង់ធំ ការផ្គត់ផ្គង់ទឹកស្អាតគ្របដណ្តប់ប្រមាណ ៤៨ ភាគរយនៃភូមិ ហើយការពង្រីកបណ្តាញ និងសេវាកំពុងត្រូវបានធ្វើឡើងជាបន្តបន្ទាប់៕





