សម្តេចធិបតី៖ កម្ពុជា កាន់តែខិតទៅជិតដល់ការលុបបំបាត់ជំងឺគ្រុនចាញ់គ្រប់ទម្រង់ ត្រឹមឆ្នាំ២០២៥

សង្គម​និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា កម្ពុជាបានធ្វើដំណើរកាន់តែខិតទៅជិតដល់ការលុបបំបាត់ជំងឺគ្រុនចាញ់គ្រប់ទម្រង់ ត្រឹមឆ្នាំ២០២៥ ខណៈការបន្តថយចុះនៃចំនួនករណីជំងឺគ្រុនចាញ់ ចាប់តាំងពីឆ្នាំ២០១៨ រហូត មកដល់បច្ចុប្បន្ន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមសារលិខិត សម្តេចក្នុងឱកាសប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រោមប្រធានបទ “លើកកម្ពស់សមធម៌សុខភាព សមភាពយេនឌ័រ និងសិទ្ធិមនុស្ស ដើម្បីប្រយុទ្ធនឹងជំងឺគ្រុនចាញ់ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។

សម្តេចធិបតី បានលើកឡើងថា បើទោះបីជាជំងឺគ្រុនចាញ់ នៅតែយាយីដល់អាយុជីវិតមនុស្សគ្រប់ពេល និងបានធ្វើឱ្យខាតបង់ផលិតភាព យ៉ាងធ្ងន់ធ្ងរ បង្កផលប៉ះពាល់ដល់សុខភាពសាធារណៈ និងសង្គម-សេដ្ឋកិច្ចរបស់ពិភពលោក និងប្រទេសកម្ពុជា ក៏ដោយ ក៏ប្រទេសកម្ពុជាបាននិងកំពុងតែដើរលើផ្លូវត្រូវ ដោយបានចូលរួមយ៉ាងសកម្មជាមួយពិភពលោកគាំទ្រ ការសម្រេចគោលដៅគ្មានជំងឺគ្រុនចាញ។

ជាក់ស្តែងសម្តេចធិបតីបន្តថា៖«ក្នុងបរិបទសុខសន្តិភាព ស្ថិរភាពនយោបាយ សេរីភាព សាមគ្គីភាព សេចក្តីថ្លៃថ្នូរនិងវឌ្ឍនភាពទូទាំងប្រទេស កម្ពុជាបានធ្វើដំណើរកាន់តែខិតទៅជិតដល់ការលុបបំបាត់ជំងឺគ្រុនចាញ់គ្រប់ទម្រង់ ត្រឹមឆ្នាំ២០២៥ តាមរយៈសមិទ្ធផលសំខាន់ៗ មានជាអាទិ៍ ការទប់ស្កាត់មិនឱ្យមានភាពស៊ាំនឹងថ្នាំសម្លាប់មេរោគ គ្រុនចាញ់ចាប់តាំងពីឆ្នាំ២០១៦ និងការបន្តថយចុះនៃចំនួនករណីជំងឺគ្រុនចាញ់ ដោយនៅឆ្នាំ២០២៣ មាន ត្រឹមតែ ១ ៣៨៤ ករណី ប៉ុណ្ណោះ ព្រមទាំងគ្មានអ្នកស្លាប់ដោយសារជំងឺគ្រុនចាញ់ចាប់តាំងពីឆ្នាំ២០១៨ រហូត មកដល់បច្ចុប្បន្ន»។

យ៉ាងណាមិញ សម្តេចធិបតី ក៏បានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ បន្តគាំទ្រនិងចូលរួមសហការ ដើម្បីសម្រេចគោលដៅកម្ពុជាគ្មានជំងឺគ្រុនចាញ់ នៅឆ្នាំ២០២៥ ក្នុងបុព្វហេតុ រួមចំណែកជំរុញកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល សំដៅឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋ របស់ប្រជាជនឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០៕ អត្ថបទ៖ រង្សី