ក្រសួងរ៉ែ ប្តេជ្ញាបញ្ចប់នូវសកម្មភាពរ៉ែអនាធិបតេយ្យ និងជំរុញឱ្យមានការធ្វើអាជីវកម្មរ៉ែដោយស្របច្បាប់នៅកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

ក្រសួងរ៉ែ និងថាមពល បានប្តេជ្ញាថា នឹងបញ្ចប់នូវសកម្មភាពរ៉ែអនាធិបតេយ្យ និងជំរុញឱ្យមានការធ្វើអាជីវកម្មរ៉ែ ដោយស្របច្បាប់នៅកម្ពុជា សំដៅនាំមកនូវផលប្រយោជន៍ជាតិ។ នេះបើយោងតាមការប្រកាសរបស់ក្រសួងរ៉ែ និងថាមពល តាមបណ្តាញសង្គមតេលេក្រាម នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងរ៉ែ និងថាមពល បានបន្តថា ការបេជ្ញាបញ្ចប់នូវសកម្មភាពរ៉ែអនាធិបតេយ្យ និងជំរុញឱ្យមានការធ្វើអាជីវកម្មរ៉ែ ដោយស្របច្បាប់នៅកម្ពុជានេះ គឺដើម្បីសំដៅនាំមកនូវផលប្រយោជន៍ជាតិជាច្រើន ដែលមានជាអាទិ៍៖ ការបង្កើតឱ្យមានឱកាសការងារនៅនឹងកន្លែង និងប្រយោល ការចូលរួមចំណែកដល់ការបង្កើតប្រភពចំណូលថវិកាជាតិបន្ថែម និងការបំបាត់នូវផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាននិងសង្គម ព្រមទាំងចូលរួមចំណែកអភិវឌ្ឍសហគមមូលដ្ឋានតាមរយៈការធ្វើអាជីវកម្មរ៉ែប្រកបដោយចីរភាពជាដើម។

ក្រសួងរ៉ែ បានបញ្ជាក់ដូច្នេះថា៖« របរជីករ៉ែមាសរបស់ប្រជាពលរដ្ឋខ្មែរគឺមានតាំងពីយូរលង់ណាស់មកហើយ​ ដែលប្រជាពលរដ្ឋយើងតែងតែធ្វើឡើងជាលក្ខណៈគ្រួសារនៅពេលទំនេរពីការងារស្រែចម្ការ​សម្រាប់ផ្គត់ផ្គង់ជីវភាពបន្ថែម​ហើយប្រើប្រាស់ឧបករណ៍សាមញ្ញមាននៅក្នុងមូលដ្ឋាន​ និងមិនប្រើប្រាស់សារធាតុគីមីដែលនាំឱ្យប៉ះពាល់ដល់បរិស្ថានទេ។ ប៉ុន្តែចុងក្រោយនេះ​ សកម្មភាពជីករ៉ែអនាធិបតេយ្យនៅតែបន្តមានកាន់តែធ្ងន់ធ្ងរជាមួយនឹងការប្រើប្រាស់សារធាតុគីមី រំសេវជាតិផ្ទុះថ្មបំបែក និងជីករូងអណ្តូងរ៉ែក្រោមដី ដែលអាចបង្កគ្រោះថ្នាក់បំផុត»។

ក្រសួងរ៉ែ បន្តថា ក្រៅពីនេះសកម្មភាពអាជីវកម្មអនាធិបតេយ្យទាំងនេះ បន្តបង្កឱ្យមានការបាត់បង់ទ្រព្យសម្បត្តិជាតិ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន បង្កជាហានិភ័យខ្ពស់ដល់សុខភាពនិងសុវត្ថិភាព​​របស់អ្នកធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យខ្លួនឯង ព្រមទាំងប្រជាពលរដ្ឋ​នៅក្នុងនិងក្រៅមូលដ្ឋានផងដែរ។

បើតាមក្រសួងរ៉ែនិងថាមពល បានបញ្ជាក់ដែរថា ថ្មីៗនេះ ក្រសួងបានសហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី អមដោយកងកំលាំងមានសមត្ថកិច្ច ចុះអនុវត្តច្បាប់លើសកម្មភាពខុសច្បាប់ទាំងនេះឡើងវិញ​ និងបានសហការជាមួយអ្នកជំនាញរបស់JICA មកពីសកលវិទ្យាល័យហុកកៃដូនៃប្រទេសជប៉ុន និងវិទ្យាស្ថានបច្ចេកវិជ្ជាកម្ពុជាដោយសិក្សាពីផលប៉ះពាល់ ដូចជា​អាស៊ីតនិងសារធាតុលោហៈផ្ទុកក្នុងទឹក ដែលអាចបង្កហានិភ័យខ្ពស់ដល់សុខភាព។

ជាងនេះទៀត ក្រសួងថា ក្រុមជំនាញយើងកំពុងសិក្សាពីវិធីសាស្រ្តបន្សាបអាស៊ីត​ និងសារធាតុពុល​ ដោយប្រើប្រាស់វិធីសាស្រ្តអកម្ម passive treatment នាពេលខាងមុខនេះ ដើម្បីជាប្រយោជន៍ដល់សុខមាលភាព សង្គម និងបរិស្ថាននៅតំបន់អតីតអនាធិតេយ្យរ៉ែ និងតំបន់ដែលរងប៉ះពាល់ក្បែរនោះ។

យ៉ាងណាមិញ នៅក្នុងសេចក្តីប្រកាសនោះដែរ ក្រសួងរ៉ែ និងថាមពល ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើអាជីវកម្មរ៉ែមាសអនាធិបតេយ្យ បញ្ឈប់នូវរាល់សកម្មភាពខុសច្បាប់ទាំងនេះ ហើយចូលរួមទប់ស្កាត់ដោយធ្វើការជូនដំណឹងអំពីសកម្មភាពរ៉ែអនាធិបតេយ្យមកក្រសួងរ៉ែនិងថាមពល តាមរយៈប្រព័ន្ធទូរសព្ទ័លេខ ០៩៥ ៧២៧ ៧២៧ ថែមទៀត៕ អត្ថបទ៖ រង្សី