ថៃជាប្រទេសឈរលេខរៀងទី១ ដែលមានអ្នកទេសចរច្រើនជាងគេមកទស្សនាកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ប្រទេសថៃជាប្រទេសឈរលេខរៀងទី១ ដែលមានអ្នកទេសចរច្រើនជាងគេ មកទស្សនាកម្ពុជា និងជាប្រទេសឈរលេខរៀងទី៥ ក្នុងចំណោមប្រទេសដែលបានវិនិយោគនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមការឱ្យដឹងរបស់លោក ធុល ត្រៃសូរ៉ាត់ (Tull TRAISORAT) ឯកអគ្គរាជទូតថ្មីប្រទេសថៃប្រចាំនៅកម្ពុជា ក្នុងជំនួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយ លោកស្រី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥។

ជាមួយគ្នានោះ ឯកអគ្គរាជទូតថ្មីប្រទេសថៃក៏បានបញ្ជាក់ពីផែនការជាច្រើន ដែលលោកនឹងខិតខំបំពេញឱ្យសម្រេចបាន នៅក្នុងអាណត្តិការទូតរបស់ខ្លួន ក្នុងនោះពេលឆាប់ៗនេះ ដោយលោកនឹងរៀបចំគណៈប្រតិភូសភាពាណិជ្ជកម្មថៃ មកបំពេញទស្សនកិច្ចនៅកម្ពុជា ជួបជាមួយភាគីកម្ពុជានិងធ្វើដំណើរទស្សនកិច្ចជាក់ស្តែងទៅកាន់គោលដៅវិនិយោគនិងទេសចរណ៍សំខាន់ៗនៅកម្ពុជា ពិសេសនៅខេត្តសៀមរាប និងខេត្តនានាដែលជាប់ព្រំដែនកម្ពុជា-ថៃ។

ទន្ទឹមនឹងនោះ លោកបានគូសបញ្ជាក់ថា ព្រះរាជាណាចក្រថៃជាប្រទេសឈរលេខរៀងទី៥ ក្នុងចំណោមប្រទេសដែលបានវិនិយោគនៅកម្ពុជា និងជាប្រទេសឈរលេខរៀងទី១ ដែលមានអ្នកទេសចរច្រើនជាងគេ មកទស្សនាកម្ពុជា។ ជាក់ស្តែងលោកថាកាលពីឆ្នាំ២០២៤ អ្នកទេសចរថៃចំនួន២លាននាក់ បានធ្វើដំណើរមកកម្ពុជា ខណៈអ្នកទេសចរកម្ពុជាជាង៥សែននាក់ បានធ្វើដំណើរទៅកាន់ប្រទេសថៃ។

លើសពីនោះ លោកក៏បានបេ្តជ្ញាចិត្តយ៉ាងមុតមាំ នៅក្នុងការភ្ជាប់ទំនាក់ទំនងដ៏ល្អនិងជិតស្និទ្ធរវាងប្រជាជននៃប្រទេសកម្ពុជា-ថៃ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ជាមួយនិងការលើកកម្ពស់ទំហំពាណិជ្ជកម្មប្រទេសទំាងពីរឱ្យសម្រេចបាននូវគោលដៅរំពឹងទុកគឺ ១៥ពាន់លានដុល្លារ ជាមួយនិងការជំរុញវិស័យទេសចរណ៍ កសិកម្ម និងអប់រំ ឱ្យកាន់តែរីកចម្រើនផងដែរ។

ជាការឆ្លើយតប លោកស្រី ឃួន សុដារី សម្តេចបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អរវាងប្រទេសទំាងពីរ ដែលបានឈរលើភាពស្មោះត្រង់ និងការជឿទុកចិត្តគ្នា ដែលបានជួបពិភាក្សាគ្នាជាប់ជាប្រចាំនៅគ្រប់កម្រិត បានបង្កលក្ខណៈកាន់តែងាយស្រួលដល់ប្រជាជននៃប្រទេសទំាងពីរក្នុងការប្រកបរបររកទទួលទាននិងការផ្លាស់ប្តូរទំនិញទៅមកជាប្រចាំថ្ងៃ។

លោកស្រី បានគូសបញ្ជាក់ថាទំនាក់ទំនងដ៏ល្អដែលកើតចេញពីការគំាទ្រនិងចូលរួម របស់ប្រជាជនប្រទេសទំាងពីរនេះ មានសារៈសំខាន់ណាស់នៅក្នុងបរិបទដែលសកលលោកកំពុងមានការប្រឈម ដែលមានការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ និងពាណិជ្ជកម្មប្រកបដោយភាពស្មុគស្មាញនោះ។ ទំនាក់ទំងដ៏ល្អរវាងកម្ពុជានិងថៃ មិនត្រឹមតែធានាបាននូវសុខសន្តិភាព ស្ថិរភាពសង្គម សម្រាប់ប្រជាជននៃប្រទេសទំាងពីរប៉ុណ្ណោះទេ តែមានសារៈសំខាន់ដល់តំបន់និងសកលលោកផងដែរ.

សូមជម្រាបជូនថា ឆ្នាំ២០២៤កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិជាង ៦,៧ លាននាក់កើន​ឡើង ២២,៩ ភាគរយ បើធៀបនឹងឆ្នាំ ២០២៣ ដែលមានចំនួន ៥,៤៥ លាននាក់។ ក្នុងនោះ ភ្ញៀវទេស​ចរ​បរទេសមកលេងកម្ពុជា​​ច្រើនជាងគេរួមមាន ថៃ វៀតណាម ចិន ឡាវ និងអាមេរិក។

ដោយយោងតាមនិន្នាការនៃការកើនឡើង និងការបន្តដាក់ចេញវិធានការគន្លឹះនានាជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាល ក៏ដូចជាការជំរុញការអនុវត្តផែនការយុទ្ធសាស្ត្រនានារបស់ក្រសួងទេសចរណ៍ កម្ពុជារំពឹងថាចំនួនភ្ញៀវទេសចរអន្តរជាតិនឹងកើនឡើងពី៧.២លាននាក់ទៅ៧.៥លាននាក់ នៅឆ្នាំ២០២៥នេះ៕