ខេត្តកំពង់ស្ពឺ មានអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រមាណ៣៨ម៉ឺននាក់

សង្គម​ និង​សេដ្ឋកិច្ច

លោក ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តកំពង់ស្ពឺថ្មីៗបានឱ្យដឹងថា នៅក្នុងខេត្តកំពង់ស្ពឺមានប្រជាជនសរុបប្រមាណ៩៥ម៉ឺននាក់ និងមានអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រមាណ៣៨ម៉ឺននាក់ ហើយបើសិនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងនេះចុះឈ្មោះតាមថ្នាលឌីជីថលរបស់រាជរដ្ឋាភិបាលនិងទទួលបានការគាំទ្រពីក្រសួង ស្ថាប័នពាក់ព័ន្ធ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកអភិបាលខេត្តការលើកឡើងបែបនេះនៅកម្មវិធីយុទ្ធនាការផ្សព្វផ្សាយលើកទី៤ សហការរៀបចំដោយគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងរដ្ឋបាលខេត្តកំពង់ស្ពឺកាលពីថ្ងៃទី២៨ ខែមេសាឆ្នាំ២០២៥។

លោក ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តកំពង់ស្ពឺ បានគូសបញ្ជាក់ថា ការចុះឈ្មោះតាមថ្នាលឌីជីថលរបស់រាជរដ្ឋាភិបាល ជាការបើកផ្លូវឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធមានលទ្ធភាពទទួលបានការគាំទ្រផ្សេងៗ ដែលក្រសួងស្ថាប័នបាននិងកំពុងរៀបចំជូនជាបន្តបន្ទាប់ ដូចជាការអភិវឌ្ឍជំនាញ ការចូលជាសមាជិកបេឡាជាតិសន្តិសុខសង្គម ការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ ការអនុគ្រោះនិងលើកលែងកាតព្វកិច្ចពន្ធដារ និងសេវាគាំពារសង្គមជាដើម។

គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទទួលបានពាក្យស្នើសុំចំនួន ៥១.៣២៤ នៅទូទាំងប្រទេស ដោយខេត្តកំពង់ស្ពឺជាប់ចំណាត់ថ្នាក់ទី៦។ ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធអនុញ្ញាតឱ្យមានមធ្យោបាយចុះឈ្មោះច្រើនជម្រើស តាមរយៈកម្មវិធីទូរសព្ទដៃ (CAM-IE app) វិបផតថល និងតាមរយៈសាខានៃភ្នាក់ងារចុះឈ្មោះនៅទូទាំងប្រទេស ដែលបច្ចុប្បន្នរួមមាន ធនាគារវីង ធនាគារវឌ្ឍនៈ ធនាគារអេស៊ីលីដា ធនាគារ ABA ធនាគារ SME និង ធនាគារ ARDB ។ ក្រុមគោលដៅសម្រាប់ការចុះឈ្មោះនេះរួមមានសហគ្រាសធុនមីក្រូ កម្មករ-និយោជិតនៃសហគ្រាសធុនមីក្រូ កម្មករ-និយោជិតម្តងម្កាល និងបុគ្គលស្វ័យនិយោជន៍ ដែលប្រកបអាជីវកម្ម មុខរបរ ឬ ការងារនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

ក្នុងឱកាសនោះដែរ, លោកហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានអំពាវនាវឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ចុះឈ្មោះតាមថ្នាលឌីជីថលរបស់រាជរដ្ឋាភិបាល ដើម្បីទទួលបានឱកាសរីកចម្រើន និងចូលរួមក្នុងកំណើនវិស័យឧស្សាហកម្មរបស់ខេត្ត។

លោក ហែម វណ្ណឌី មានប្រសាសន៍ថា “យើងឃើញថាសេដ្ឋកិច្ចក្នុងប្រព័ន្ធ ជាពិសេសក្នុងវិស័យឧស្សាហកម្ម ដែលមានរោងចក្រដ៏ច្រើន កំពុងរីកចម្រើនទៅមុខហើយ។ ប៉ុន្តែដើម្បីសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ យើងក៏ត្រូវការឱ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធរីកចម្រើន និងអាចចូលរួមក្នុងខ្សែច្រវាក់ផ្គត់ផ្គង់នានា ព្រោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធមានច្រើនលើសលុបនៃតួអង្គសេដ្ឋកិច្ចរបស់យើង”៕