អ្នកឧកញ៉ា លី ឃុនថៃ តំណាងអ្នកឧកញ៉ា គិត ម៉េង ដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ធ្វើទស្សនកិច្ច ក្រុមហ៊ុនអានគ្រុប នៅទីក្រុងធានជីន

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា លី ឃុនថៃ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា កាលថ្ងៃចន្ទ ទី១ ខែកញ្ញា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ធ្វើទស្សនកិច្ច ក្រុមហ៊ុនអានគ្រុប (Ant Group) ដើម្បីពិភាក្សាលើវិស័យហិរញ្ញវត្ថុឌីជីថល ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច និងដំណោះស្រាយបច្ចេកវិទ្យា នៅទីក្រុងធានជីន ប្រទេសចិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទស្សនកិច្ចនេះ បានធ្វើឡើងក្នុងអំឡុងពេលដែលគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរ សម្តេចធិបតីនាយករដ្ឋមន្ត្រី បំពេញទស្សនកិច្ចនៅទីក្រុងធានជីន ប្រទេសចិន ដើម្បីចូលរួម កិច្ចប្រជុំកំពូលបូកនៃអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ។

គោលបំណងនៃទស្សនកិច្ចក្រុមហ៊ុនអានគ្រុប (Ant Group) គឺដើម្បីស្វែងយល់ពីការគាំទ្រដល់ការអភិវឌ្ឍ សហគ្រាសធុនតូច និងមធ្យម តាមរយៈថ្នាលបច្ចេកវិទ្យាឌីជីថល និង ដកស្រង់បទពិសោធន៍នៃដំណើរវិវត្តន៍សេដ្ឋកិច្ចឌីជីថល។

សូមជម្រាបថា ក្រុមអានគ្រុប (Ant Group) គឺជាក្រុមហ៊ុនបច្ចេកវិទ្យាចិនមួយ ដែលជាសម្ព័ន្ធក្រុមហ៊ុនអាលីបាបាគ្រុប( Alibaba Group)។ ក្រុមហ៊ុននេះ ផ្តល់សេវាកម្មហិរញ្ញវត្ថុឌីជីថល និងសេវាជីវិតឌីជីថលតាមរយៈកម្មវិធី Alipay ដែលជាកម្មវិធីឈានមុខគេនៅលើពិភពលោក និង ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៤ ដែលផ្តល់ជូនសេវាកម្មជាច្រើនដូចជា៖ ការទូទាត់ឌីជីថល ហិរញ្ញវត្ថុសម្រាប់អតិថិជន ការគ្រប់គ្រងទ្រព្យសម្បត្តិ ធានារ៉ាប់រង និងដំណោះស្រាយឥណទានដល់អ្នកប្រើប្រាស់នៅទូទាំងពិភពលោក៕