ធនាគារជាតិនឹងរៀបចំសន្និសីទម៉ាក្រូសេដ្ឋកិច្ច ដើម្បីជំរុញការចូលរួមរបស់SMEs ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច

សង្គម​ និង​សេដ្ឋកិច្ច

ភ្នំពេញ៖ សហគ្រាសធុនតូចនិងមធ្យម (SMEs) បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតការងារ បង្កើនប្រាក់ចំណូលសម្រាប់អង្គភាពគ្រួសារ និងជំរុញសកម្មភាពសេដ្ឋកិច្ច ឱ្យមានការរីកចម្រើនដល់តំបន់ជនបទ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមរបាយការណ៍ជំរឿនសេដ្ឋកិច្ចនៅកម្ពុជាឆ្នាំ២០២២ សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) បានរួមចំណែកប្រមាណ ៥៨% នៃផ.ស.ស. ដែលឆ្លុះបញ្ចាំង ពីតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្រនិងលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ។គួររំលេចថា SMEs នៅកម្ពុជាគ្របដណ្តប់ស្ទើរគ្រប់វិស័យ ដូចជាវិស័យកសិកម្ម កសិឧស្សាហកម្ម សិប្បកម្ម សេវាកម្ម និងវិស័យកម្មន្តសាល ជាដើម។

ទោះបីជា SMEs នៅកម្ពុជាមានការរីកចម្រើនជាលំដាប់ក៏ដោយ ប៉ុន្តែ SMEs នៅមានបញ្ហា ប្រឈមមួយចំនួនដូចជា ការខ្វះទុនវិនិយោគ លទ្ធភាពទាបក្នុងការទទួលបានហិរញ្ញប្បទាន អភិបាលកិច្ច នៅមានកម្រិត ការខ្វះខាតក្នុងការបណ្តុះបណ្តាលបុគ្គលិកការយល់ដឹងពីបច្ចេកវិទ្យាទំនើបនៅមានកម្រិតលទ្ធភាពចូលទៅកាន់ទីផ្សារធំៗមានកម្រិតទាបដោយសារការខ្វះបទពិសោធ និងវិធីសាស្ត្រ ផ្សព្វផ្សាយ ជាដើម។ ដើម្បីដោះស្រាយបញ្ហាប្រឈមខាងលើ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធនាការ និងគោលនយោបាយគាំទ្រ ដូចជា នីតិវិធីសម្រួលការចុះបញ្ជីអាជីវកម្ម ការបង្កើតមជ្ឈមណ្ឌលបណ្តុះ ធុរកិច្ចថ្មី ការផ្តល់កម្ចីជាមួយអត្រាការប្រាក់ទាបតាមរយៈធនាគាររដ្ឋ (ធនាគារសហគ្រាសធុនតូចនិង មធ្យម) ការលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាដើម។

យោងតាមសារៈសំខាន់ក្នុងការជំរុញការអភិវឌ្ឍ SMEs និងដើម្បីគាំទ្រគោលនយោបាយ រាជរដ្ឋាភិបាល ក្នុងឆ្នាំ២០២៥នេះ ធនាគារជាតិនៃកម្ពុជានឹងរៀបចំសន្និសីទម៉ាក្រូសេដ្ឋកិច្ចលើកទី១២ ក្រោមប្រធានបទគោល ស្តីពី “ការជំរុញការចូលរួមរបស់សហគ្រាសធុនតូចនិងមធ្យមនុខ្លួញរកស សេដ្ឋកិច្ចកម្ពុជា” ។

យោងតាមសេចក្តីប្រកាសពត៌មានរបស់ធនាគារជាតិនៃកម្ពុជា សន្និសីទម៉ាក្រូសេដ្ឋកិច្ច មានគោលបំណង ប្រមូលធាតុចូលបន្ថែមសម្រាប់ការរៀបចំគោលនយោបាយលើកទឹកចិត្ត ស្វែងយល់ពីកត្តាប្រឈមរបស់ SMEs ក្នុងការចូលរួមក្នុងខ្សែច្រវាក់ផលិតកម្មសកល សិក្សាពីកាលានុវត្តភាពសម្រាប់ SMEs ដើម្បីទទួលបានហិរញ្ញប្បទានក៏ដូចជាទុនអាជីវកម្ម បន្ថែម និងជំរុញការចូលរួមរបស់ក្រុមហ៊ុន-សហគ្រាសក្នុងការអនុវត្តគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG)៕