សម្តេចតេជោ ហ៊ុន សែន៖ អត្រាភាពក្រីក្រកម្ពុជាបានធ្លាក់ចុះមកត្រឹម ១៧,៩៨% ក្នុងឆ្នាំ ២០២៤

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងថា អត្រាភាពក្រីក្រកម្ពុជាត្រូវបានកាត់បន្ថយនៅក្នុងរង្វង់ ១០% ក្នុងឆ្នាំ ២០១៩ ប៉ុន្តែបានឡើងខ្ពស់ក្នុងពេលមានវិបត្តិជំងឺកូវីដ-១៩ និងធ្លាក់ចុះមកនៅត្រឹម ១៧,៩៨% ក្នុងឆ្នាំ ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមបាថកថា សម្តេចតេជោ ហ៊ុន សែន ក្រោមប្រធានបទ “ទស្សនៈ និងបទពិសោធន៍នៃកិច្ចខិតខំកសាងសន្តិភាពនៅកម្ពុជា” និងវេទិកាសំណួរ-ចម្លើយ នៅវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីខាងកើត ហ្សាការតា កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ សម្តេចតេជោ មានប្រសាសន៍ថា កម្ពុជា បានផ្លាស់ប្តូរមុខមាត់របស់ខ្លួនយ៉ាងសម្បើមអស្ចារ្យ បើយើងពិចារណាដោយប្រៀបធៀប ជាមួយប្រទេសដែលងើបពីសង្គ្រាមដំណាលគ្នាជាមួយកម្ពុជា ។ យើងបានផ្លាស់ប្តូរពីសង្គមក្រីក្រ និងងាយមានជម្លោះ ទៅជាសង្គមមួយដែលមានស្ថិរភាព សន្តិភាព និង សុវត្ថិភាព ហើយប្រជាជនយើងចាប់ផ្តើមទទួលផ្លែផ្កាពីសន្តិភាព និងការអភិវឌ្ឍ ។

សម្តេចបន្តថា អត្រាភាពក្រីក្រត្រូវបានកាត់បន្ថយនៅក្នុងរង្វង់ ១០% ក្នុងឆ្នាំ ២០១៩ ប៉ុន្តែ បានឡើងខ្ពស់ក្នុងពេលមានវិបត្តិជំងឺកូវីដ-១៩ ។ ទោះជាយ៉ាងនេះក្តី ការដាក់ចេញ និងការអនុវត្តវិធានការអន្តរាគមន៍ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ទាំងក្នុងការគ្រប់គ្រងវិបត្តិ ទាំងក្នុងការរក្សាលំនឹងជីវភាពរស់នៅរបស់ប្រជាជន បានជួយបង្កើនអំណាចទិញរបស់ប្រជាជនមកវិញ និងធ្វើឱ្យអត្រាភាពក្រីក្រធ្លាក់ចុះមកត្រឹម ១៧,៩៨% ក្នុងឆ្នាំ ២០២៤ ។ ហើយកម្ពុជាក៏កំពុងឈានទៅការបញ្ចប់ឋានៈជាប្រទេសមានការអភិវឌ្ឍតិចតួចដោយពេញលេញនៅឆ្នាំ ២០២៩ ខាងមុខ ។

សម្តេចតេជោ បានគូសបញ្ជាក់ថា កម្ពុជាបានប្រែក្លាយពីប្រទេសដែលមានកង្វះខាតប្រាក់ចំណូលធ្ងន់ធ្ងរ ហើយពឹងផ្អែកលើដៃគូអភិវឌ្ឍន៍ ដើម្បីទទួលបានហិរញ្ញប្បទានពីរភាគបីនៃថវិកាជាតិ ទៅជាប្រទេសដែលមានសមត្ថភាពគ្រប់គ្រងថវិកាជាតិបានដោយភាពម្ចាស់ការ ហើយថែមទាំងមានទុនបម្រុង ដើម្បីការពារសេដ្ឋកិច្ចជាតិ និងលំនឹងជីវភាពប្រជាពលរដ្ឋ, ទប់ទល់នឹងវិបត្តិ និងគ្រោះមហន្តរាយ ផ្សេងៗ ។

លើសពីនេះយើងបានប្រែក្លាយពីប្រទេសដែលនៅឯកោ និងទទួលរងទណ្ឌកម្មដោយសហគមន៍អន្តរជាតិ ទៅជាប្រទេសដែលធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅនៅក្នុងតំបន់ និងពិភពលោក ក្លាយជាប្រទេសដែលអាចបញ្ជូនកងរក្សាសន្តិភាព និងចូលរួមយ៉ាងសកម្ម នៅក្នុងរបៀបវារៈសន្តិភាព ទាំងក្នុងតំបន់ និងក្រៅតំបន់ថែមទៀតផង៕