កម្ពុជា-ឥណ្ឌូនេស៊ី បានប្តេជ្ញាជំរុញទំហំពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីបន្ថែមទៀត ដោយសារបច្ចុប្បន្នទំហំពាណិជ្ជកម្មប្រទេសទាំងពីរមានប្រមាណមួយពាន់លានដុល្លារប៉ុណ្ណោះ។ការប្តេជ្ញានេះ បានធ្វើឡើងនៅក្នុជំនួបពិភាក្សារវាងសម្តេចតេជោ ហ៊ុន សែន ជាមួយលោកស្រី ពាន់ ម៉ាហារ៉ានី (Puan Maharani) ប្រធានរដ្ឋសភានៃសាធារណរដ្ឋឥណ្ឌូនេស៊ី នៅវិមានរដ្ឋសភា រដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី កាលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥។

នាឱកាសនោះ សម្ដេចតេជោ និងលោកស្រីប្រធានរដ្ឋសភាឥណ្ឌូនេស៊ី បានពិភាក្សាពីពាណិជ្ជកម្ម និងសេដ្ឋកិច្ចនៃប្រទេសទាំងពីរ ដោយសម្ដេចតេជោស្នើឱ្យជំរុញទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរឱ្យមានចំនួនកើនឡើងថែមទៀត ដោយសារបច្ចុប្បន្នទំហំពាណិជ្ជកម្មប្រទេសទាំងពីរមានប្រមាណមួយពាន់លានដុល្លារប៉ុណ្ណោះ។ ជាមួយគ្នានេះ សម្ដេចតេជោក៏បានស្នើឱ្យបង្កើនជើងហោះហើរត្រង់រវាងប្រទេសទាំងពីរដើម្បីជំរុញកំណើនទេសចរ ព្រមទាំងការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជនផងដែរ។
សូមជម្រាបថា តាមរយៈជំនួបពិភាក្សានោះ សម្ដេចតេជោ ក៏បានបង្ហាញក្តីសង្ឃឹមថាទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម និងសេដ្ឋកិច្ចនៃប្រទេសទាំងពីរ នឹងកាន់តែរីកចម្រើនថែមទៀតនៅក្រោយដំណើរទស្សនកិច្ចរបស់សម្ដេច៕ អត្ថបទ៖ ហ្សាលីន


