ផ្ទះកំណើតសម្តេចតេជោ ហ៊ុន សែន នៅខេត្តកំពង់ចាម នឹងប្រែក្លាយទៅជារមណីយដ្ឋានប្រវត្តិសាស្ត្រតេជោសែន

សង្គម​ និង​សេដ្ឋកិច្ច

ផ្ទះកំណើតរបស់ សម្ដេចតេជោ ហ៊ុន សែន ស្ថិតក្នុងភូមិពាមក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នឹងគ្រោងប្រែក្លាយទៅជារមណីយដ្ឋានប្រវត្តិសាស្ត្រតេជោសែន ដើម្បីទុកជាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្ររបស់សម្តេចតេជោ ហ៊ុន សែន និងជាកំណប់ទ្រព្យរបស់អ្នកស្ទឹងត្រង់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមដំណើរទស្សនារបស់សម្តេច ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ទៅកាន់ផ្ទះកំណើត របស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កាលពីរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហើបឱ្យដឹងថា លោកមានគម្រោងកែច្នៃ និងរៀបចំផ្ទះនោះ ទៅជារមណីយដ្ឋានប្រវត្តិសាស្ត្រតេជោសែន ដើម្បីទុកជាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្ររបស់សម្តេចតេជោ ហ៊ុន សែន និងជាកំណប់ទ្រព្យរបស់អ្នកស្ទឹងត្រង់ និងទុកជាការសិក្សាស្រាវជ្រាវរបស់យុវជនជំនាន់ក្រោយៗទៀត ក៏ដូចជា ការបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារ ដែលពឹងផ្អែកទៅលើវិស័យទេសចរណ៍ និងស្ទួយមុខមាត់ខេត្តកំពង់ចាមឲ្យកាន់តែមានភាពរីកចម្រើនប្រកបដោយ សក្តានុពល និងភាពទាក់ទាញ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានសម្តែងនូវការកោតសសើរ ពេញចិត្ត និងគាំទ្រទាំងស្រុងចំពោះគំនិតផ្តួចផ្តើមក្នុងប្រែក្លាយផ្ទះនៅស្រុកកំណើតសម្តេចតេជោ ទៅជារមណីយដ្ឋានប្រវត្តិសាស្ត្រតេជោសែន និងបានជម្រុញឲ្យ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និង លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមសហការគ្នាសិក្សាអំពីនីតិវិធីក្នុងរៀបចំផងដែរ។

សូមជម្រាបជូនថា ផ្ទះកំណើត របស់ សម្ដេចតេជោ ហ៊ុន សែន មានទីតាំងស្ថិតក្នុងភូមិពាមក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ បើតាមលោក ច្រឹង គឹមស្រ៊ាន ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន កាលពីអំឡុង ខែមករា ឆ្នាំ១៩៨៨ ដោយឃើញថាផ្ទះចាស់ មានសភាពទ្រុឌទ្រោមខ្លាំង ទើបសុំការឯកភាពពី ឯកឧត្តម ហ៊ុន នាង រុះរើផ្ទះចាស់នោះចេញ ជំនួសដោយផ្ទះថ្មី ដែលសង់អំពីឈើប្រក់ក្បឿង ទំហំ ៦ម×១៤ម  ដែលមានអ្នកស្រី សុន ជូ និងស្វាមី ជាអ្នកមើលថែទាំរហូតដល់សព្វថ្ងៃនេះ៕