លោក វ៉ាស៊ឹម សុរិយា អនុរដ្ឋលេខាធិកា និងជាអនុប្រធានក្រុមការងាររៀបចំ និងអនុវត្តគម្រោងការសិក្សា និងអនុវត្តគម្រោងសិក្សាបឋមបណ្ដាញរថភ្លើងក្រោមដីនៅរាជធានីភ្នំពេញក្រោមក្របខណ្ឌជំនួយបច្ចេកទេសពីធនាគារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) កាលពីថ្ងៃទី១២ ខែឧសភា បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាស្ដីពីវឌ្ឍនភាពនៃការងារសិក្សា និងទទួលនូវមតិយោបល់កែលម្អលើការរៀបចំលក្ខណៈវិនិច្ឆ័យកំណត់បញ្ជីរបៀងអាទិភាពនៃគម្រោងរថភ្លើងក្រោមដី (Metro)ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។


កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យមើលវឌ្ឍនភាពនៃការងារសិក្សាដែលបានអនុវត្តនាពេលកន្លងមក និងដើម្បីពិនិត្យមើលលក្ខណៈវិនិច្ឆ័យទាំងផ្នែកសេដ្ឋកិច្ច សង្គម បរិស្ថាន តម្រូវការតភ្ជាប់ និងលទ្ធភាពដីបម្រុងទុកក្នុងការកំណត់ពីរបៀងអាទិភាពនៃខ្សែរថនៅតាមបណ្ដាមហាវិថី និងផ្លូវសំខាន់ៗ និងការអភិវឌ្ឍតំបន់ Transit-Oriented Development (TOD) ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។
សូមជម្រាបថា ពាក់ព័ន្ធនឹងគម្រោងសាងសង់ផ្លូវរថភ្លើងក្រោមដីនេះ កាលពីដើមខែមីនា ឆ្នាំ២០២៥កន្លងទៅ អ្នកជំនាញមកពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ជួបជាមួយថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន និងថ្នាក់ដឹកនាំក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក៏ដើម្បីសិក្សា លើគម្រោងផ្លូវរថភ្លើងក្រោមដីក្នុងរាជធានីភ្នំពេញ និងរថភ្លើងធុនស្រាលតភ្ជាប់រវាងរាជធានីភ្នំពេញ និងព្រលានយន្តហោះអន្តរជាតិតេជោ។
ក្នុងនោះ ក្រុមការងារក៏បានប្រមូលធាតុចូល នៅតាមទីតាំងដែល បានកំណត់ក្នុងបណ្តាផ្លូវ របៀងធំៗក្នុងរាជធានីភ្នំពេញ ព្រមទាំងចុះពិនិត្យស្ថានីយ ចំណតឡានក្រុង ស្ថានីយរថភ្លើងរាជធានីភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិតេជោ តំបន់អភិវឌ្ឍថ្មី ក្រុងរណបថ្មី និងទីតាំងផ្សេងៗទៀត ដើម្បីកំណត់ខ្សែផ្លូវ សំរាំង និងខ្សែផ្លូវអាទិភាព សម្រាប់សិក្សាសមិទ្ធិលទ្ធភាព និងពិនិត្យលទ្ធភាពក្នុងការសាងសង់ បណ្តាញដឹកជញ្ជូនសាធារណៈក្រុង ក្នុងរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា គម្រោងផ្លូវរថភ្លើងក្រោមដីក្នុងរាជធានីភ្នំពេញ បានកើតឡើងបន្ទាប់ពីរាជរដ្ឋាភិបាល កាលពីថ្ងៃទី១៧ ខែវិច្ឆិកាឆ្នាំ២០២៣ បានចេញសេចក្តីសម្រេចមួយស្តីពីការបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីជំរុញដំណើរការ សិក្សាគម្រោង ផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីរាជធានីភ្នំពេញ ទៅព្រលានយន្តហោះថ្មី និងផ្លូវរថភ្លើងក្រោមដីរាជធានីភ្នំពេញដោយមានលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាប្រធាន។
យោងតាមរបាយការណ៍ ក្រសួងសាធារណការ បានឱ្យដឹងកន្លងទៅថា ក្នុងរាជធានីភ្នំពេញ គ្រោងឱ្យមានផ្លូវរថភ្លើងក្រោមដី ចំនួន ៤ខ្សែ ដែលខ្សែផ្លូវនីមួយៗ មានប្រវែងពី ១៦គីឡូម៉ែត្រ ទៅ ២៩ គីឡូម៉ែត្រ៕
