ក្រុមហ៊ុនចិន Beijing ចង់បោះទុនវិនិយោគក្នុងវិស័យចម្រាញ់ប្រេងនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុន Beijing Sainte Holding Co., Ltd. បានបង្ហាញពីបំណងមកបណ្តាក់ទុនវិនិយោគក្នុងវិស័យចម្រាញ់ប្រេងនៅកម្ពុជានាពេលខាងមុខ ខណៈបច្ចុប្បន្នគណៈប្រតិភូនៃក្រុមហ៊ុននេះ បានមកជួបពិភាក្សាជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីស្វេងយល់ពីវិស័យនេះរួចរាល់ហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បំណងនេះ ត្រូវបានបង្ហាញឡើងនៅក្នុងជំនួបពិភាក្សារវាងគណៈប្រតិភូនៃក្រុមហ៊ុន Beijing Sainte Holding Co., Ltd. ដឹកនាំដោយលោក ឆិន យីងលាវ (Chen Yingliu) អគ្គនាយកក្រុមហ៊ុន ជាមួយលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥។

នាឱកាសនោះ លោក ជា វុទ្ធី អគ្គលេខាធិការ បានស្វាគមន៍ក្រុមហ៊ុន ដែលមានបំណងមកបណ្តាក់ទុនវិនិយោគក្នុងវិស័យចម្រាញ់ប្រេងនៅកម្ពុជា ខណៈលោកក៏បានជម្រាបជូនក្រុមហ៊ុនពីសាវតាររបស់ក្រុមហ៊ុនចម្រាញ់ប្រេងមួយចំនួននៅកម្ពុជា និងបទពិសោធន៍និងភាពជោគជ័យរបស់ក្រុមហ៊ុនមួយចំនួនដូចជានៅប្រទេសសិង្ហបុរី និងប្រទេសកូរ៉េជាដើម។

ជាមួយគ្នានេះ លោក ក៏បានស្នើឱ្យក្រុមហ៊ុនធ្វើការជ្រើសរើសទីតាំងសមស្របដើម្បីធ្វើការបង្កើតរោងចក្រ សំដៅកាត់បន្ថយការប៉ះពាល់បរិស្ថាន និងប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់នោះ។ បន្ថែមពីនេះ លោកក៏ជំរុញឱ្យក្រុមហ៊ុនបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយសម្រាប់តែឧស្សាហកម្មចម្រាញ់ប្រេងផងដែរ។

ជាការឆ្លើយតប តំណាងក្រុមហ៊ុនបានសន្យា និងមានការបេ្តជ្ញាចិត្តខ្ពស់ក្នុងការនាំយកជំនាញ និងបច្ចេកវិទ្យាទំនើប និងឈានមុខពីប្រទេសចិនដើម្បីអនុវត្តគម្រោងនេះឱ្យបានជោគជ័យ។ លើសពីនេះ ក្រុមហ៊ុន Beijing Sainte Holding Co., Ltd សង្ឃឹមថាគម្រោងនេះនឹងអាចរួមចំណែកជួយគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជាផងដែរ។

សូមរម្លឹកដែរថា នៅក្នុងខែមេសា ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបចំនួន៥៩គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ៨៦០លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ៣៩ពាន់កន្លែង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕ អត្ថបទ៖ ហ្សាលីន