អ្នកជំនាញនៅក្នុងសមាគមវារីវប្បករកម្ពុជាបានសម្តែងការរីករាយនិងគាំទ្រជាខ្លាំងចំពោះការជំរុញឱ្យមានការបង្កើតច្បាប់ជលថ្មីកើតឡើង បន្ទាប់ពីសេចក្ដីព្រាងច្បាប់ស្ដីពីជលផល ទទួលបានការឯកភាពពីគណៈកម្មការទី៣ នៃរដ្ឋសភា និងសម្រេចបញ្ជូនបន្តទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ធ្វើការពិនិត្យទៅតាមនីតិវិធី។

លោក ឡែមផូ វរិទ្ធិ ប្រធានគណៈកម្មការប្រតិបត្តិសមាគមវារីវប្បករកម្ពុជាបានឱ្យដឹងថា តាមការយល់ឃើញរបស់លោក ច្បាប់ជលផលថ្មីមានសារប្រយោជន៍ខ្លាំងលើការងារជលផល ហើយក្នុងនោះមានការនិយាយទាក់ទងនិងវិស័យវារីវប្បករ អាជីវករដែលធ្វើអាជីវកម្មលើការផលិតផលជលផលនេសាទ ខណៈច្បាប់ចាស់ផ្តោតច្រើនលើការនេសាទ ឬការប្រមូលផលត្រីពីធម្មជាតិ។
លោកបន្តថា “នៅក្នុងច្បាប់ជលផលថ្មីនេះបាននិយាយាពីការធ្វើអាជីវកម្មទៅលើផលនិងផលិតផលជលផល ដែលមានលក្ខណៈមួយទាន់សម័យស្របតាមស្ថានភាពបច្ចុប្បន្ន។ ដូចនេះក្នុងនាមសមាគមវារីវប្បករកម្ពុជាយើងរីករាយស្វាគមន៍ចំពោះការជំរុញឱ្យមានការច្បាប់ថ្មីនេះកើតឡើង”។
តំណាងសមាគមវារីវប្បករកម្ពុជាខាងលើរូបនេះ ក្រៅពីសម្តែងការគាំទ្រចំពោះការរៀបចំច្បាប់ជលផលថ្មី លោកបានអំពាវនាវដល់ភាគីពាក់ព័ន្ធជួយជំរុញច្បាប់ជលផលថ្មីនេះឱ្យរដ្ឋសភាប្រកាសជាដាក់ឱ្យប្រើជាផ្លូវការនៅពេលអនាគតដ៏ខ្លី ព្រោះវាត្រូវចាំបាច់ក្នុងការអនុវត្តច្បាប់នេះ ដើម្បីគាំពារ ការពារក៏ដូចជាជំរុញដល់វិស័យជលផលនិងវារីវប្បកម្ម។

យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទថ្មីៗនេះ បានឱ្យដឹងថា ច្បាប់ជលផលដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥០៦/០១១ ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០០៦ មានអាយុ ១៩ឆ្នាំហើយ បើគិតត្រឹមឆ្នាំ២០២៥នេះ។ នៅក្នុងរយៈពេល១៩ឆ្នាំនេះ ការវិវត្តនៃកំណើនប្រជាសាស្ត្រ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងបច្ចេកវិទ្យា បានវិវត្តទៅមុខលឿនរហ័ស ដែលទាមទារការកែទម្រង់វិស័យជលផលរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យស្របតាមបរិការណ៍ សេដ្ឋកិច្ចសង្គមកម្ពុជានិងសាកលលោក។ ក្នុងន័យនេះ ទើបរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការ បានរៀបចំសេចក្តីព្រាងច្បាប់ស្តីពីជលផលថ្មីនេះឡើង។
ក្រសួងកសិកម្មគូសបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីជលផលមាន១៥ ជំពូក និង ១០៤ មាត្រា និងឧបសម្ព័ន្ធចំនួន២ ត្រូវបានគណៈរដ្ឋមន្ត្រីសម្រេចយល់ព្រមក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីបញ្ជូនមកសុំការពិនិត្យ និងអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិ។

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាជឿជាក់ថា បន្ទាប់ពីសេចក្តីព្រាងច្បាប់នេះត្រូវបានអនុម័តនិងចូលជាធរមាន ច្បាប់នេះនឹងក្លាយជាឧបករណ៍គតិយុត្តមានលក្ខណៈពេញលេញនិងគ្រប់ជ្រុងជ្រោយ ដោយផ្តល់នូវអត្ថប្រយោជន៍ជាច្រើន៖១-)គ្រប់គ្រង ការពារ អភិរក្ស និងអភិវឌ្ឍធនធានជលផលឱ្យមាននិរន្តរភាព។ ២)-ការពារផលប្រយោជន៍ប្រជានេសាទ សហគមន៍នេសាទ វារីវប្បករ និងអាជីវករដែលធ្វើអាជីវកម្ម ផល ផលិតផលជលផល។ ៣)-គាំទ្រការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យជលផល ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ច ជួយកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនិង៤)-បំពេញនូវលក្ខខណ្ឌតម្រូវនិងស្តង់ដា ឱ្យមានសង្គតិភាពទៅនឹងលិខិតុបករណ៍អន្តរជាតិ ដើម្បី ឆ្លើយតបទៅនឹងបរិបទថ្មីៗ ក្នុងការធ្វើសកលភាវូបនីយកម្មនិងសមាហរណកម្មទៅថ្នាក់តំបន់និង អន្តរជាតិ៕SL

