ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា ហៅកាត់ថា ADB គឺជាប្រភពជំនួយអភិវឌ្ឍន៍ផ្លូវការដ៏ធំបំផុតមួយរបស់កម្ពុជាដោយផ្តល់ប្រាក់កម្ចីប្រចាំឆ្នាំជាមធ្យមចំនួន ៣២៩,៨ លានដុល្លារពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២១។ ការគាំទ្ររបស់ ADB គឺស្របតាមផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិ២០១៩-២០២៣ របស់កម្ពុជា។

យោងតាមរបាយការណ៍របស់ ADB បានបង្ហាញឱ្យដឹងនៅថ្ងៃទី២៧ ខែឧសភានេះថា សេដ្ឋកិច្ចកម្ពុជាមានកំណើនជាមធ្យម ៧% ក្នុងមួយឆ្នាំក្នុងអំឡុងឆ្នាំ២០១០-២០១៩ ដែលធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមួយដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតនៅលើពិភពលោក។កំណើនយ៉ាងឆាប់រហ័សនេះ អាចសម្រេចទៅបានដោយសារតែស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការបើកចំហចំពោះការធ្វើពាណិជ្ជកម្ម និងការវិនិយោគផ្ទាល់ពីបរទេស និងអន្តរកម្មរចនាសម្ព័ន្ធ។
របាយការណ៍ដដែលបានឱ្យដឹងទៀតថា ADB គឺជាប្រភពជំនួយអភិវឌ្ឍន៍ផ្លូវការដ៏ធំបំផុតមួយរបស់កម្ពុជាដោយផ្តល់ប្រាក់កម្ចីប្រចាំឆ្នាំជាមធ្យមចំនួន ៣២៩,៨ លានដុល្លារពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២១។ ការគាំទ្ររបស់ ADB គឺស្របតាមផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិ២០១៩-២០២៣ របស់កម្ពុជា។ ADB បានជួយរដ្ឋាភិបាលកម្ពុជាក្នុងការឆ្លើយតបជាបន្ទាន់ទៅនឹងជំងឺរាតត្បាត (កូវីដ-១៩) តាមរយៈ កម្មវិធីពង្រឹងប្រព័ន្ធគាំពារសុខភាពរបស់ប្រទេស បង្កើនជំនួយសង្គមដល់ជនក្រីក្រ និងជនងាយរងគ្រោះ និងផ្តល់កម្លាំងជំរុញសេដ្ឋកិច្ចដល់អាជីវកម្ម រួមទាំងសហគ្រាសធុនតូច និងមធ្យម។ ADB បានសន្យាផ្តល់ប្រាក់កម្ចីចំនួន ៣២៧,១ លានដុល្លារក្នុងឆ្នាំ ២០២១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការឆ្លើយតបទៅនឹងការរាតត្បាតនៃជំងឺរាតត្បាតកូវីដ-១៩ តាមរយៈការអភិវឌ្ឍបន្ថែមទៀតនូវសមត្ថភាពប្រព័ន្ធសុខភាពស្នួល ដើម្បីឆ្លើយតបនឹងការគំរាមកំហែងសុខភាពសាធារណៈ ការបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងការទទួលបានហិរញ្ញប្បទានសមរម្យដោយសហគ្រាសមីក្រូ តូច និងមធ្យម (MSMEs) និងការកែលម្អផ្លូវជាតិ និងផ្លូវខេត្ត និងសេវាក្នុងទីក្រុង។

របាយការណ៍ខាងលើបានបន្តទៀតថា គិតមកត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤ ADB បានសន្យាផ្តល់ប្រាក់កម្ចី ជំនួយឥតសំណង និងជំនួយបច្ចេកទេសចំនួន ៣៥០ គម្រោង ដែលមានតម្លៃសរុប ៥,២ ពាន់លានដុល្លារដល់កម្ពុជា។ គម្រោងជាមួយវិស័យសាធារណៈរបស់ ADB នៅកម្ពុជាសម្រាប់ពេលបច្ចុប្បន្ន រួមមានកម្ចីចំនួន ៣៣ គម្រោង និងជំនួយឥតសំណងចំនួន ៩ គម្រោង ដែលមានតម្លៃសរុប ២,០៨ ពាន់លានដុល្លារ។
ជាមួយគ្នានេះ ក្នុងឆ្នាំ២០២៤ ADB បានសន្យាផ្តល់ប្រាក់កម្ចី និងជំនួយឥតសំណងសរុបចំនួន ៤០៣ លានដុល្លារ ហើយបានកៀរគរសហហិរញ្ញប្បទាន បន្ថែម ១៤៣ លានដុល្លារ សម្រាប់គម្រោងចំនួន ៦ នៅក្នុងប្រទេសកម្ពុជា។ រហូតមកទល់ពេលនេះ ADB បានសន្យាផ្តល់ប្រាក់កម្ចី ជំនួយឥតសំណង និងជំនួយផ្នែកបច្ចេកទេស ក្នុងវិស័យសាធារណៈចំនួន ៣១៩ ដែលមានទឹកប្រាក់សរុបចំនួន ៤,២ ពាន់លានដុល្លារដល់ប្រទេស កម្ពុជា។ ការផ្តល់ប្រាក់កម្ចី និងជំនួយឥតសំណងសរុបដល់កម្ពុជាមានចំនួន ២,៨៤ ពាន់លានដុល្លារ។ ទឹកប្រាក់ទាំងនេះត្រូវបានផ្តល់ហិរញ្ញប្បទានដោយធនធានមូលធនទៀងទាត់ និងធម្មតាជាសម្បទាន មូលនិធិអភិវឌ្ឍន៍អាស៊ី និងមូលនិធិពិសេសផ្សេងទៀត៕
អត្ថបទ៖ ស៊ីណាត



