នាយករដ្ឋមន្រ្តីកម្ពុជា-ចិន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែរីកចម្រើនថែមទៀត

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបប្រជុំពិភាក្សាការងារទ្វេភាគី ជាមួយ លោក លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រីចិន ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី កាលពីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសនៃជំនួបនោះ​ លោក លី ឈាង  បានគូសបញ្ជាក់ថា ជំនួបជាញឹកញាប់រវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ ឆ្លុះបញ្ចាំងពីភាពរឹងមាំ និងការរីកចម្រើននៃទំនាក់ទំនងមិត្តភាពដ៏យូរអង្វែង និងជាមិត្តដែកថែបកម្ពុជា-ចិន។

សម្តេចធិបតីក៏បានឯកភាពអំពីសារៈសំខាន់នៃជំនួបកម្រិតថ្នាក់ដឹកនាំប្រទេសក្នុងការរឹតចំណងទំនាក់ទំនងទ្វេភាគី ព្រមទាំងបានសម្តែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីចិន មកកាន់កម្ពុជាកាលពីខែមេសា ឆ្នាំ២០២៥ កន្លងទៅនេះ។ ដែលតាមរយៈដំណើរទស្សនកិច្ចនេះ ចំណងមិត្តភាពកម្ពុជា-ចិន ត្រូវបានពង្រឹង និងពង្រីកកាន់តែខ្លាំងក្លាថែមទៀត។

ជាមួយនឹងការវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនងប្រទេសទាំងពីរ ជាពិសេសការពេញចិត្តនៃការដំឡើងកម្រិតដល់ «ការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី» ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពបន្តលើកកម្ពស់ទំនាក់ទំនងលើគ្រប់វិស័យឱ្យកាន់តែរីកចម្រើនរឹងមាំបន្ថែមទៀត តាមរយៈការប្រែក្លាយផែនការនានាឱ្យចេញជាសកម្មភាពជាក់ស្តែង។

លើសពីនេះ ភាគីទាំងពីរក៏បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗរួមមាន៖ សេដ្ឋកិច្ច, ពាណិជ្ជកម្ម, ការវិនិយោគ, ការពារជាតិ​ និងសន្តិសុខ, អប់រំ, បច្ចេកវិទ្យា, ឧស្សាហកម្ម និងកសិកម្មតាមរយៈការជំរុញកិច្ចសហប្រតិបត្តិការ «ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម» និង «ច្រករបៀងមច្ឆា​និងអង្ករ»។ បន្ថែមពីលើនេះ ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពជំរុញបន្ថែមទៀតនូវការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន, ការជំរុញវិស័យទេសចរណ៍ និងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់រវាងកម្ពុជា-ចិនឱ្យកាន់តែច្រើនថែមទៀតផងដែរ៕