ប្រធានក្រុមហ៊ុនខ្នាតយក្សជប៉ុន Minebea និយាយថា កម្ពុជាគឺជាគោលដៅដ៏ល្អបំផុតសម្រាប់ការវិនិយោគ

សង្គម​ និង​សេដ្ឋកិច្ច

លោក YOSHIHISA Kainuma ប្រធាន និងជានាយកប្រតិបត្តិ នៃក្រុមហ៊ុន MinebeaMitsumi Inc., បាននិយាយថា កម្ពុជាគឺជាគោលដៅដ៏ល្អបំផុតសម្រាប់ការវិនិយោគ ខណៈបច្ចុប្បន្នក្រុមហ៊ុនដ៏ធំមួយនេះបានបោះទីតាំងវិនិយោគបង្កើតរោងចក្រ២កន្លែងហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមរយៈជំនួបពិភាក្សាការងាររវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ជាមួយលោក លោក YOSHIHISA Kainuma ប្រធាន និងជានាយកប្រតិបត្តិ នៃក្រុមហ៊ុន MinebeaMitsumi Inc., កាលពីរសៀលថ្ងៃទី២៨ ខែឧសភា​ ឆ្នាំ២០២៥។

ក្នុងជំនួបនោះ លោក YOSHIHISA Kainuma បានសម្តែងការអរគុណយ៉ាងស្មោះស្ម័គ្រចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រយ៉ាងពេញទំហឹងដល់ដំណើរការ និងសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុនមីនេបៀកម្ពុជា-Minebea​ (Cambodia)។ លោកក៏បានគោរពជម្រាបជូនសម្តេចអំពីវឌ្ឍនភាពនៃការពង្រីកប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដោយបច្ចុប្បន្ន ក្រុមហ៊ុនបានផ្តល់ឱកាសការងារ ជាង ២,០០០កន្លែង និងគ្រោងជ្រើសរើសពលរដ្ឋបន្ថែមទៀតចូលបម្រើការងារជាបន្តបន្ទាប់។

នាឱកាសនោះ លោកជម្រាបជូនសម្តេចអំពីដំណើរការសាងសង់រោងចក្រថ្មីរបស់ក្រុមហ៊ុន ដែលគ្រោងនឹងបញ្ចប់នៅដំណាច់ឆ្នាំនេះ។ ដោយលោកក៏បានគូសបញ្ជាក់បន្ថែមថា កម្ពុជាគឺជាគោលដៅដ៏ល្អបំផុតសម្រាប់ការវិនិយោគ។

សម្តេចធិបតីនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើន ក៏ដូចជាការពង្រីកប្រតិបត្តិការអាជីវកម្មជាបន្តបន្ទាប់របស់ក្រុមហ៊ុនមីនេបៀកម្ពុជា។ សម្តេចមានប្រសាសន៍ថា ភាពជោគជ័យនេះមិនត្រឹមតែបង្ហាញពីការរីកចម្រើនរបស់ក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតការងារ​ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជាផងដែរ។ សម្តេចក៏បានគូសបញ្ជាក់អំពីការបន្តដាក់ចេញនូវគោលនយោបាយ ក្នុងការគាំទ្រ និងយកចិត្តទុកដាក់ចំពោះក្រុមហ៊ុនវិនិយោគទាំងអស់នៅកម្ពុជា ព្រមទាំងធានានូវបរិយាកាសវិនិយោគប្រកបដោយភាពទាក់ទាញ និងភាពប្រកួតប្រជែងសម្រាប់វិនិយោគិននៅកម្ពុជា។

សូមជម្រាបជូនផងដែរថា ក្រុមហ៊ុន Minebea Mitsumi Inc. ជាក្រុមហ៊ុនដ៏ធំមួយរបស់ជប៉ុន ធ្វើអាជីវកម្មលើការផលិតគ្រឿងបង្គុំម៉ាស៊ីន និងគ្រឿងបង្គុំអេឡិចត្រូនិកចាប់តាំងឆ្នាំ១៩៥១ ។ បច្ចុប្បន្នក្រុមហ៊ុនក៏បានបង្កើតរោងចក្រចំនួនពីរកន្លែងនៅកម្ពុជា ដោយទីមួយនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ និងទីពីរនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់ ដែលអាចបង្កើតការងារជិត១ម៉ឺនកន្លែង៕