គម្រោងវិនិយោគនិងធុរកិច្ចចំនួន ១០ ទៀត ក្នុងទុន១៥៤ លានដុល្លារ ទទួលបានការលើកទឹកចិត្តពិសេស

សង្គម​ និង​សេដ្ឋកិច្ច

កិច្ចប្រជុំលើកទី ១៦ របស់ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្ត ការអនុគ្រោះ និង ការសម្រួលនីតិវិធី ក្នុងក្របខណ្ឌកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដែលរាជរដ្ឋាភិបាលសម្រេចបន្តអនុវត្ត រហូតដល់ដំណាច់ឆ្នាំ ២០២៥ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អង្គប្រជុំកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ បានសម្រេចផ្តល់ការលើកទឹកចិត្តដល់គម្រោងវិនិយោគនិងធុរកិច្ចចំនួន ១០ ទៀត ដែលមានទុនប្រមាណ១៥៤លានដុល្លារអាម៉េរិក និងបង្កើតការងារជាង១,០០០ កន្លែង។

លោក ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា គម្រោងដែលបានសម្រេចជាគោលការណ៍នេះ មានចំនួន ១០ គម្រោង រួមមាន គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង ចំនួន ៤, គម្រោងថ្មី ចំនួន ៤, គម្រោងពង្រីកចំនួន ១, និង គម្រោងមានស្រាប់ចំនួន ១ ដោយមានទុនវិនិយោគប៉ាន់ស្មានសរុប ១៥៤ លានដុល្លារអាម៉េរិក និង អាចបង្កើតការងារប្រមាណ ១,១៨៧ កន្លែង ជាអាទិ៍ រោងចក្រកែច្នៃ, អគារពាណិជ្ជកម្ម, គ្រឹះស្ថានសិក្សាចំណេះទូទៅ, ផែបណ្តែតទឹក, សណ្ឋាគារ និងអគារស្នាក់នៅរួម ។

លោកបានឱ្យដឹងទៀតថា ចាប់ពីឆ្នាំ ២០២៤ រហូតដល់ខែឧសភា ឆ្នាំ ២០២៥ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តដល់គម្រោងចំនួន ២៩៧ គម្រោង មានទុនវិនិយោគប៉ាន់ស្មានសរុប ៧ ០២៩ លានដុល្លារអាម៉េរិក និង ប៉ាន់ស្មានអាចបង្កើតការងារ ៥៣ ១៨៧ កន្លែង ។

សូមជម្រាបជូនថា តាមការគ្រោងទុកនៅក្នុងខែមិថុនា ឆ្នាំ ២០២៥ ខាងមុខ ក្រុមការងារនឹងចុះពិនិត្យទីតាំងគម្រោងដែលស្នើការលើកទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនីតិវិធី ប្រមាណ ៣០ គម្រោង ៕