កាលពីល្ងាច ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ លោក ISHIBA Shigeru នាយករដ្ឋមន្រ្តីជប៉ុន ក្នុងឱកាសនៃដំណើរទស្សនកិច្ចការងារផ្លូវការ នៅថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

ក្នុងឱកាសជំនួបនោះ នាយករដ្ឋមន្រ្តីជប៉ុនបានបញ្ជាក់ថា កម្ពុជាគឺជាដៃគូដ៏សំខាន់របស់ជប៉ុន។ កិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជាមានភាពរីកចម្រើនជាលំដាប់ និងរួមចំណែកដល់ការថែរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងពិភពលោក។ ជប៉ុននិងកម្ពុជាបានសហការគ្នា ក្នុងការបណ្តុះបណ្តាលលើការដោះមីនមនុស្សធម៌ សម្រាប់អ្នកដោះមីនអ៊ុយក្រែន។
ជាមួយគ្នាននោះ លោកក៏បានអរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតឱ្យនាវាកងស្វ័យការពារជើងទឹកជប៉ុន ២គ្រឿង ចូលចតមុនគេបង្អស់ នៅកំពង់ផែសមុទ្ររាម បន្ទាប់ពីការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីចុងខែមេសា កន្លងទៅ ដែលស្របទៅនឹងគោលនយោបាយនៃការបើកចំហរបស់រាជរដ្ឋាភិបាលកម្ពុជា។
ជាការឆ្លើយតប សម្ដេចធិបតីមានប្រសាសន៍ថា ជប៉ុនជាមិត្តចាស់ មិត្តដ៏សំខាន់ និងមិត្តជិតស្និទ្ធរបស់កម្ពុជា ដែលបានដើរតួនាទីយ៉ាងសកម្ម ក្នុងដំណាក់កាលស្វែងរកសន្តិភាព និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា មកដល់បច្ចុប្បន្ន។

សម្ដេចធិបតីបានបន្តថា ក្នុងរយៈពេល ៧២ឆ្នាំ នៃទំនាក់ទំនងការទូតផ្លូវការ, កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរត្រូវបានពូនជ្រំ ពង្រឹង និងពង្រីកស្ទើរគ្រប់វិស័យ។ ការដំឡើងកម្រិតទំនាក់ទំនងទ្វេភាគីដល់ “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” នៅឆ្នាំ២០២៣ គឺជាសក្ខីភាពនៃភាពជឿទុកចិត្ត រវាងប្រទេសទាំងពីរ។
នៅក្នុងជំនួបនោះផងដែរ ប្រមុខរដ្ឋាភិបាលទាំងពីរបានពិភាក្សាអំពីអាទិភាពនៃកិច្ចសហប្រតិបត្តិការសម្រាប់ប្រទេសទាំងពីរ លើវិស័យសំខាន់ៗ រួមមាន សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ, សន្តិសុខ និងការពារជាតិ, ហិរញ្ញវត្ថុ និងធនាគារ, ហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់, បរិវត្តកម្មឌីជីថល និងសន្តិសុខសាយប័រ, ថាមពលស្អាត, ព្រមទាំងការតភ្ជាប់ប្រជាជននិងប្រជាជន តាមរយៈវិស័យអប់រំ, ទេសចរណ៍, និងការហោះហើរត្រង់៕