កម្ពុជា ស្នើចិននិយោគលើវិស័យកសិ-ឧស្សាហកម្មកែច្នៃ ដើម្បីគាំទ្រផលិតកម្មដែលមានតម្លៃបន្ថែម

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងពាណិជ្ជកម្មកម្ពុជា បានស្នើទៅកាន់ខេត្តហឺណាន សាធារណរដ្ឋប្រជាមានិតចិន ឱ្យមកនិយោគដោយផ្ទាល់លើវិស័យកសិ-ឧស្សាហកម្មកែច្នៃ ដើម្បីគាំទ្រផលិតកម្មដែលមានតម្លៃបន្ថែម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការស្នើនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាកាលចុងសប្តាហ៍ ធ្វើឡើងរវាងលោក លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាមួយនឹងលោក SUN Shougang អភិបាលរងខេត្តហឺណាន សាធារណរដ្ឋប្រជាមានិតចិន ដែលជាខេត្តមួយប្រកបដោយសក្តានុពលទីផ្សារ ដោយមានប្រជាជនប្រមាណជាង ១០០លាននាក់។

នៅក្នុងជំនួបនោះ ភាគីទាំងពីរ បានផ្តោតពិភាក្សាទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងកសិ-ឧស្សាហកម្ម។

ក្នុងឱកាសនោះ លោក SUN Shougang អភិបាលរងខេត្តហឺណាន បានវាយតម្លៃខ្ពស់នូវសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងនេះនិងបានអនុញ្ញាតជូនមន្ទីរពាណិជ្ជកម្មខេត្តហឺណាន ដើម្បីដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកកម្ពុជានៅក្នុងឆ្នាំនេះ ដើម្បីស្វែងរកឱកាសក្នុងការធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជាក្នុងវិស័យកសិ-ឧស្សាហកម្មកែច្នៃ។

ជាមួយគ្នានេះ លោក លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពង្រីកទំហំនាំចូលផលិតផលកម្ពុជាសំខាន់ៗដូចជា៖ ស្វាយចន្ទី ដំណាប់ស្វាយ និងចេក ព្រមទាំងពិចារណាក្នុងការវិនិយោគដោយផ្ទាល់លើវិស័យកសិ-ឧស្សាហកម្មកែច្នៃ ដើម្បីគាំទ្រផលិតកម្មដែលមានតម្លៃបន្ថែមផងដែរ។

សូមជម្រាបជូនថា បន្ទាប់ពីជំនួបមន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ក៏បានជួបពិភាក្សាការងារជាមួយនឹង លោកស្រី CHEN Xuemei ប្រធានក្រុមហ៊ុន Chen Sun Fruits and Vegetable Trading Co., Ltd. ដែលជាក្រុមហ៊ុនបោះដុំផ្លែឈើនិងទំនិញកសិផលដ៏ធំនៃខេត្តហឺណាន ហើយក៏បាននាំចូលផ្លែឈើ និងផលិតផលកសិផលពីកម្ពុជាជាច្រើនចែកចាយទៅកាន់ទីផ្សារនៃខេត្តហឺណានថែមទៀតផងដែរ៕ អត្ថបទ៖ ហ្សាលីន