ព្រះវររាជមាតាជាតិខ្មែរ៖ ស្រី្តកម្ពុជា ជាកម្លាំងចលករ ដែលបានរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច

សង្គម​និង​សេដ្ឋកិច្ច

សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានមានព្រះរាជបន្ទូលថា ស្ត្រីកម្ពុជា ជាកម្លាំងចលករ ដែលបានរួមចំណែកនៃកំណើនសេដ្ឋកិច្ចកន្លងមក ហើយបច្ចុប្បន្នស្ត្រីមានកាលានុវត្តភាពក្នុង ការអនុវត្តសិទ្ធិ អភិវឌ្ឍចំណេះដឹង ជំនាញ និងបច្ចេកទេសដែលជាមូលដ្ឋានគ្រឹះក្នុងការចូលរួមប្រកួតប្រជែង ប្រកបដោយសក្តានុពលក្នុងទីផ្សារសេដ្ឋកិច្ចថ្នាក់ជាតិ និងនៅក្នុងតំបន់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឱកាសដ៏ល្អវិសេសវិសាលនៃខួបលើកទី ១១២. ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ នេះ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានមានព្រះរាជបន្ទូលថា បច្ចុប្បន្ននេះស្ដ្រី មានកាលានុវត្តភាព ក្នុងការអនុវត្តសិទ្ធិ អភិវឌ្ឍចំណេះដឹង ជំនាញ និងបច្ចេកទេស ដែលជាមូលដ្ឋានគ្រឹះ ក្នុងការចូលរួមប្រកួតប្រជ្រែង ប្រកបដោយសក្តានុពល ក្នុងទីផ្សារសេដ្ឋកិច្ចជាតិ និងនៅក្នុងតំបន់ ។

សម្តេចព្រះមហាក្សត្រី បានមានព្រះរាជបន្ទូលទៀតថា «ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងសូមគាំទ្រការលើក យកប្រធានបទ “ស្រ្តីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល» គឺពិតជាមានសារៈសំខាន់ ដែលជាប្រធានបទឆ្លើយតបនឹងបរិបទបច្ចុប្បន្ន ក្នុងគោលបំណងបន្តរំលេចពីតម្លៃន ការចូលរួមរបស់ស្ត្រីដែលមិនអាចកាត់ថ្លៃបាន ក្នុងការថែរក្សាសុខសន្តិភាព ក៏ដូចជាកំពុងចូលរួមយ៉ាងសកម្ម ក្នុងការពន្លឿនកិច្ចអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសនៅក្នុងយុគសម័យឌីជីថលនេះ»។

ក្រោមម្លប់នៃសន្តិភាព និងកិច្ចអភិវឌ្ឍ សម្តេចព្រះមហាក្សត្រី  មានព្រះរាជបន្ទូលបន្ថែមថា ការចូលរួមរបស់ស្ត្រីនៅគ្រប់កម្រិត គឺជាគុណតម្លៃ ដើម្បី ធានាថាប្រជាជនគ្រប់រូបមានសិទ្ធិ និងឱកាសពេញលេញក្នុងការទទួលបានជម្រើស ភាពជាតំណាង និងចូល រួមប្រកបដោយសក្តានុពល ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ដែលបាននឹងកំពុងវិវត្តន៍ទៅជាសេដ្ឋកិច្ច និងសង្គមឌីជីថល ប្រកបដោយចីរភាព និងបរិយាប័ន្ន។ ក្នុងន័យនេះ ការបន្តរក្សាបាននូវសុខសន្តិភាព នៅតជាអាទិភាពចម្បងទីមួយ និងមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ពលរដ្ឋកម្ពុជាគ្រប់រូប។

យោងតាមព្រះរាជសារអបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៣ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ​មាន​ព្រះរាជ​បន្ទូល​ថា៖ «ខ្ញុំសូមអំពាវនាវ និងលើកទឹកចិត្តឱ្យរដ្ឋាភិបាល និងដៃគូរពាក់ព័ន្ធបន្តអនុវត្តការងារនេះ និងបន្តយកចិត្តទុកដាក់ ព្រមទាំងបង្កឱកាសឱ្យស្ដីនិងក្មេងស្រី បានចូលរួម និងទទួលបាននូវអត្ថប្រយោជន៍ក្នុងយុគសម័យឌីជីថល ដើម្បីវិបុលភាព និងសេចក្តីសុខចម្រើន របស់ជនរួមជាតិយើងបន្ថែមទៀត៕