លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានផ្សព្វផ្សាយនិងជំរុញការប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ VERIFY.GOV.KH របស់កម្ពុជា នៅប្រទេសជប៉ុន ព្រមទាំងជំរុញឱ្យក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលជាង១០០ក្រុមហ៊ុន មកវិនិយោគនៅកម្ពុជា ជាពិសេសក្នុងសួនឌីជីថល។

ការផ្សព្វផ្សាយនិងជំរុញរបស់លោករដ្ឋមន្រ្តីនៅក្នុងជំនួបពិភាក្សាការងារជាមួយក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល១៣៥ក្រុមហ៊ុន កាលពីថ្ងៃទី១-២ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូនិងទីក្រុងអូសាកា ប្រទេសជប៉ុន ក្រោមការសម្របសម្រួលរៀបចំដោយសមាគមកម្ពុជា-ជប៉ុន និងក្រុមហ៊ុន Next Make របស់ជប៉ុន។
កិច្ចប្រជុំទាំងនេះ មានគោលបំណងជំរុញនិងពង្រឹងការអនុវត្តកម្មវិធី Japanese IT Pathway ប្រកបដោយជោគជ័យ ដោយសារក្រុមហ៊ុនទាំងនេះ អាចជាដៃគូក្នុងការទទួលយកនិស្សិតកម្ពុជាដែលបានបញ្ចប់ការសិក្សាក្រោម កម្មវិធី Japanese IT Pathway មកបម្រើការនៅប្រទេសជប៉ុន។
ឆ្លៀតក្នុងឱកាសនោះ លោក ជា វ៉ាន់ដេត ក៏បានផ្សព្វផ្សាយនិងជំរុញការប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ VERIFY.GOV.KH នៅប្រទេសជប៉ុន ព្រមទាំងជំរុញឱ្យក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលទាំងនោះមកវិនិយោគនៅកម្ពុជា ជាពិសេសក្នុងសួនឌីជីថល។

គួរបញ្ជាក់ផងដែរថា កម្មវិធី Japanese IT Pathway គឺជាកម្មវិធីមួយរៀបចំឡើងក្រោមកិច្ចសម្របសម្រួលរបស់ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជាមួយក្រុមហ៊ុន Next Make ដើម្បីផ្តល់ឱកាសឱ្យនិស្សិតកម្ពុជាអាចបំពេញការងារនៅប្រទេសជប៉ុនក្នុងវិស័យបច្ចេកវិទ្យាឌីជីថល។ តាមរយៈកម្មវិធីនេះ និស្សិតឆ្នាំទី៣និងទី៤ត្រូវទទួលការបណ្តុះបណ្តាលភាសាជប៉ុននិងជំនាញបច្ចេកវិទ្យាឌីជីថល ហើយបន្ទាប់ពីបញ្ចប់ការសិក្សាដោយជោគជ័យ និស្សិត នឹងមានឱកាសទទួលបានការងារនៅក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលនានានៅប្រទេសជប៉ុន៕





