ដើមនីតិកាលទី៧៖ កម្ពុជាបានបើកច្រកនាំចេញស្រូវអង្ករទៅកាន់ប្រទេស៣បន្ថែម បានជាង ៥៤ម៉ឺនតោន

សង្គម​ និង​សេដ្ឋកិច្ច

ស្រូវ គឺជាដំណាំយុទ្ធសាស្ត្ររបស់កម្ពុជាសម្រាប់សន្តិសុខស្បៀង និងអាហារូបត្ថម្ភ មិនត្រឹមតែជាអាហារមូលដ្ឋានដ៏ចាំបាច់ប៉ុណ្ណោះទេ ថែមទាំងជាទំនិញនាំចេញដ៏មានសក្ដានុពលក្នុងចំណោមបញ្ជីផលិតផលកសិកម្ម ដែលបានជ្រើសរើសជាអាទិភាពសម្រាប់ជំរុញការនាំចេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករបានជាង ៦៥១ពាន់តោន និងស្រូវបានជាង ៥,១លានតោន  ដែលផ្តល់ចំណូលសរុបជាង ១ ៩៨៧លានដុល្លារសហរដ្ឋអាម៉េរិក ទៅកាន់ប្រទេសជាង៧០ប្រទេស។

គួរឱ្យកត់សម្គាល់ផងដែរថា នៅដើមនីតិកាលទី៧ នេះ ក្រសួងពាណិជ្ជកម្ម បានជំរុញឱ្យមានការរៀបចំ និងបានចុះអនុស្សរណៈយោគយល់គ្នានាំចេញស្រូវអង្ករកម្ពុជាទៅកាន់ប្រទេសចិនចំនួន ៥០ម៉ឺនតោន ការបើកច្រកទីផ្សារនាំចេញទៅប្រទេសឥណ្ឌូនេស៊ីតាមរយៈក្រុមហ៊ុនហ្គ្រីនត្រេដ ៣៧ ៥០០តោន និងនាំទៅកាន់ប្រទេសទីម័រលេស្តេរ ៤ ០០០តោន។ (នេះជាការលើករបស់លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក្នុងពិធីខួប ១០ឆ្នាំ នៃការបង្កើតសហព័ន្ធស្រូវអង្ករកម្ពុជា កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥)។

ក្រោមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នាពីសហព័ន្ធស្រូវអង្ករកម្ពុជា ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធនានា បានធ្វើឱ្យកម្ពុជាប្រែក្លាយខ្លួនទៅជាប្រទេស ដែលមានអតិរេកស្រូវអង្ករច្រើន។

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានគូសបញ្ជាក់ថា វិស័យស្រូវអង្ករ បានទាញយកការវិនិយោគពីវិនិយោគិនក្នុងស្រុក និងក្រៅប្រទេស និងបានជំរុញឱ្យវិស័យនេះឱ្យមានការវិនិយោគយ៉ាងគំហុកពីរោងម៉ាស៊ីនកិនស្រូវ។ រោងម៉ាស៊ីនកិនស្រូវក្នុងស្រុកបានពីតិចជាង ១០ទីតាំង ដល់ទៅជាង ៨០ទីតាំង ដែលមានបំពាក់នូវឧបករណ៍សម្ភារៈបច្ចេកវិទ្យាទំនើបបំផុតចុងក្រោយរបស់ពិភពលោក។

ការណ៍នេះបានធ្វើឱ្យវិស័យស្រូវអង្ករកម្ពុជា ដើរតួនាទីជាសសរស្តម្ភមួយយ៉ាងសំខាន់ក្នុងការទ្រទ្រង់វិស័យសន្តិសុខស្បៀង និងសេដ្ឋកិច្ច ដែលរយៈពេលជាង ១០ឆ្នាំមកនេះ វិស័យស្រូវអង្ករកម្ពុជាបានធ្វើឱ្យមានលំនឹងសន្តិសុខស្បៀង និងការពង្រីកសក្តានុពលពាណិជ្ជកម្ម និងវិនិយោគ។ ដោយកម្ពុជាសម្រេចបានការនាំចេញអង្ករចំនួន ៦,៥៩ លានតោន (២០១៤-២០២៤) ទៅកាន់ ១២៣ គោលដៅ។ ក្រៅពីការចេញអង្ករ កម្ពុជា ក៏បាននាំចេញស្រូវ ប្រមាណជាង ២១,៤៥ លានតោនផងដែរ។

ទោះបីជាយ៉ាងណា ដើម្បីចូលរួមលើកកម្ពស់វិស័យស្រូវអង្ករកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើនថែមទៀត រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក៏បានណែនាំនូវគន្លឹះមួយចំនួនដល់សហព័ន្ធស្រូវអង្ករកម្ពុជា ក្រុមហ៊ុននាំចេញ និងភាគីពាក់ព័ន្ធនូវ៥ចំណុចធំៗ៖

១. ត្រូវពិនិត្យលទ្ធភាព ទាក់ទាញវិនិយោគិនបន្ថែមទៀត មកចូលរួមបណ្តាក់ទុនក្នុងផលិតកម្ម និងលើកកម្ពស់តម្លៃបន្ថែមលើគុណភាពខ្សែច្រវាក់ផលិតកម្មអង្ករ ដើម្បីបម្រើការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងឈានទៅបង្កើនឧត្តមភាពប្រកួតប្រជែង របស់កម្ពុជាក្នុងពាណិជ្ជកម្ម អន្តរជាតិ។

២. ចូលរួមប្រតិបត្តិការជំនួញ-ធុរកិច្ចស្របតាមច្បាប់ជាធរមាន ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ ប្រកបដោយតម្លាភាព ផ្គត់ផ្គង់អង្ករដែលមានលក្ខណ:ប្រកួតប្រជែង ការពារផលប្រយោជន៍របស់ភាគីពាក់ព័ន្ធ និងបង្កើនភាពជឿជាក់នៃអង្ករកម្ពុជានៅក្នុងទីផ្សារជាតិ និងអន្តរជាតិ។

៣. ចូលរួមលើកកម្ពស់ និងការពារម៉ាកនិងកម្មសិទ្ធិបញ្ញា ជាពិសេស ការកសាងម៉ាកសមូហភាព និងការពង្រឹងគុណភាពអង្ករកម្ពុជា ដោយត្រូវគិតគូរទាំងបរិមាណ គុណភាព សុវត្ថិភាព និងសោភ័ណភាពនៃការវេចខ្ចប់តាមស្ដង់ដាត្រឹមត្រូវ ដើម្បីរក្សាបាននូវកេរ្ដិ៍ឈ្មោះអង្ករកម្ពុជា និងនិរន្តរភាពនៃការនាំចេញ។

៤. បន្តសហការជាមួយអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងពាណិជ្ជកម្ម ជាពិសេសក្រុមហ៊ុនហ្រ្កីនត្រេដ ក្រុមការងារជំរុញការនាំចេញ និងដៃគូពាក់ព័ន្ធ ក្នុងការអនុវត្តវិធានការបង្កើនប្រសិទ្ធភាព និងគុណភាព ដើម្បីពង្រឹងទីផ្សារដែលមានស្រាប់ និងពង្រីកទីផ្សារថ្មីបន្ថែម សមំដៅបង្កើនការផ្គត់ផ្គង់ក្នុងស្រុក និងបង្កីនការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ។

៥. ធ្វើទំនើបនីយកម្មរចនាសម្ព័ន្ធប្រតិបត្តិការ នីតិវិធីការងារនិងដំណើរការប្រព្រឹត្តទៅ និងលក្ខន្តិកៈសហព័ន្ធ ជាដើម ជាពិសេសស្របពេលនឹងការគ្រោងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធ ប្រធាននិងសមាជិកក្រុមប្រឹក្សាភិបាលាននាពេលខាងមុខនេះ៕