ផ្លូវថ្មើរជើង (Walk Street) មាត់ទន្លេ រាជធានីភ្នំពេញ ដែលបានបើកសាកល្បងចាប់តាំងពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ២០២៥មក ពេលនេះត្រូវបានប្រសិទ្ធនាម ថា “ផ្លូវថ្មើរជើងចតុមុខ”។ ផ្លូវថ្មើជើងថ្មីនេះ ស្ថិតនៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤)រហូតដល់មុខព្រះបរម រាជវាំង ស្ថិតនៅ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ចាប់តាំងពីការបើកដំណើរការសាកល្បងមកដល់ពេលនេះ ផ្លូវនេះមិនទាន់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅឡើយទេ ប៉ុន្តែដើម្បីជាការឆ្លើយតបនឹងសន្ទុះការគាំទ្រ ការកើនឡើងភ្ញៀវទេសចរជាតិ អន្តរជាតិដើរកម្សាន្តពេលរាត្រី រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំពិធីដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវ ផ្លូវថ្មើរជើងនេះ នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។
សូមជម្រាបជូនថា ផ្លូវថ្មើរជើង (Walking Street) ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញដាក់ឱ្យដំណើរការសាកល្បងចំនួន២ថ្ងៃ ក្នុង១សប្ដាហ៍ គឺថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង៦ល្ងាច ដល់ម៉ោង១១យប់។ រដ្ឋបាលរាជធានីភ្នំពេញ អះអាងថា ចាប់តាំងពីថ្ងៃដាក់ឱ្យសាកល្បងលើកដំបូង រហូតមកដល់ពេលនេះ គឺរក្សាបាននូវ សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ ដោយប្រជាពលរដ្ឋ មិនមានបញ្ហាអ្វីទាំងអស់ រាប់ទាំងអ្នកធ្វើមុខរបរអាជីវកម្ម ក៏ដូចជាប្រជាពលរដ្ឋ ដែលធ្វើដំណើរកម្សាន្ត។
ទន្ទឹមគ្នានេះ ផ្លូវថ្មើរជើងនេះ ក៏បាននិងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រជាពលរដ្ឋ ជាពិសេស ប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញ តាមរយៈការរៀបចំព្រឹត្តិការនានា ដូចជា ការសម្តែងទស្សនីយ៍ភាពសិល្បៈជាច្រើន ការរាំកម្សាន្តលេង ការលេងល្បែងប្រជាប្រិយ និងការតាំងបង្ហាញផលិតផលរាប់រយមុខ ម្ហូបអាហារចម្រុះរសជាតិជាច្រើនស្តង់ អមដោយខ្យល់បរិយាកាសជាប់មាត់ទន្លេផងដែរ៕


