ឯកឧត្តម ឃឹម ហ្វីណង់៖ កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីធានាដល់សន្តិសុខស្បៀង ហើយរាល់ការនាំចូលបន្លែ ផ្លែឈើ អាចជំនួសបានទាំងស្រុង ដោយផលិតកម្មក្នុងស្រុក

សង្គម​ និង​សេដ្ឋកិច្ច

ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី១៧ ខែមិថុនានេះ បានចេញមកបញ្ជាក់ថា កម្ពុជាមានសមត្ថភាពផលិតគ្រប់គ្រាន់ ដើម្បីធានាដល់សន្តិសុខស្បៀង ហើយរាល់ការនាំចូលបន្លែ ផ្លែឈើ អាចជំនួសបានទាំងស្រុង ដោយផលិតកម្មក្នុងស្រុក បន្ទាប់ពីកម្ពុជាសម្រេចបិទការនាំចូលបន្លែ ផ្លែឈើ ពីប្រទេសថៃ ចាប់ពីថ្ងៃទី១៧ ខែមិថុនានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈសារលើបណ្តាញសង្គម ឯកឧត្តមអនុរដ្ឋលេខាធិការ បានលើកឡើងថា ស្របពេលដែលមានការបិទការនាំចូលបន្លែផ្លែឈើពីប្រទេសថៃ ក្រសួងកសិកម្ម សូមបញ្ជាក់ថា កម្ពុជាមានសមត្ថភាពផលិតគ្រប់គ្រាន់ ដើម្បីធានាដល់តម្រូវការសន្តិសុខស្បៀង ហើយរាល់ការនាំចូលបន្លែ ផ្លែឈើ និងធាតុចូលកសិកម្មនានា សុទ្ធតែអាចជំនួសបានទាំងស្រុងដោយផលិតកម្មក្នុងស្រុក និងប្រភពនាំចូលដទៃទៀតបាន។ 

ឯកឧត្តម ឃឹម ហ្វីណង់ បានឱ្យដឹងទៀតថា ក្រសួងបានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីធានានិរន្តភាពនៃដំណើរការផលិតកម្មកសិកម្ម និងរក្សាឱ្យបាននូវស្ថិរភាពនៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅក្នុងប្រទេស។

សូមជម្រាបថា ការដែលកម្ពុជា សម្រេចបិទជាផ្លូវការការនាំចូលបន្លែ និងផ្លែឈើពីប្រទេសថៃនាពេលនេះ ដោយសារយោធាថៃបន្តកាត់បន្ថយម៉ោងពេលចេញចូល និងបិទច្រកជាឯកតោភាគីនៅច្រកទ្វារតំបន់ និងច្រកទ្វារព្រំដែនអន្តរជាតិមួយចំនួនជាមួយកម្ពុជា៕