ក្នុងរយៈពេល៥ឆ្នាំ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ពាក្យស្នើសុំចុះបញ្ជីអាជីវកម្មដែលបានអនុម័តសរុបមានចំនួន ៤៦ ៧៧៦ ក្នុងនោះម្ចាស់អាជីវកម្មដែលជាស្រ្តីមានចំនួន១៧ ២៤០ ។ចំណែក ទំហំដើមទុនចុះបញ្ជីមានសរុបប្រហែល៧៤.៧២ ទ្រីលានរៀល (ប្រមាណ១៨.២៣ ប៊ីលានដុល្លារអាមេរិក)។

របាយការណ៍ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងដែរថា កម្មវត្ថុអាជីវកម្ម ៥ ដែលទទួលបានទុនវិនិយោគច្រើនជាងគេគឺ៖
ទី១.សកម្មភាពសេវាកម្មស្នាក់នៅប្រហែល៦.៣៨ ទ្រីលានរៀល ស្មើប្រមាណ១,៥៦ ប៊ីលានដុល្លារអាម៉េរិក
២.សកម្មភាពអចលនទ្រព្យ ដោយប្រើអចលនទ្រព្យផ្ទាល់ខ្លួន ឬ ជួលពីគេប្រហែល៦.០០ ទ្រីលានរៀល
ស្មើប្រមាណ ១,៤៦ ប៊ីលានដុល្លារអាម៉េរិក
៣.ការសាងសង់អគារ ប្រហែល៥.៨៤ ទ្រីលានរៀល ប្រមាណ ១,៤២ ប៊ីលានដុល្លារអាម៉េរិក
៤.កម្មន្តសាលសម្លៀកបំពាក់ លើកលែងសម្លៀកបំពាក់ធ្វើពីរោមសត្វប្រហែល៣.៦៦ទ្រីលានរៀល
ប្រមាណ ៨៩២ លានដុល្លារអាម៉េរិក
៥.សកម្មភាពពិគ្រោះយោបល់ផ្នែកគ្រប់គ្រងប្រមាណ៣.៦៣ទ្រីលាន ប្រមាណ៨៨៤លានដុល្លារអាម៉េរិក
៦.កម្មវត្ថុអាជីវកម្មផ្សេងទៀតប្រមាណ៤៩.២២ ទ្រីលានរៀលស្មើប្រមាណ ១២,០១ ប៊ីលានដុល្លារអាម៉េរិក
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងបន្ថែមថា គិតត្រឹមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២ ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន (ប្រព័ន្ធ Online Business Registration Service-OBR) ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការបានរយៈពេល ៥ឆ្នាំមកហើយ។ ប្រព័ន្ធនេះ បានជួយសម្រួលដល់នីតិវិធីនៃការចុះបញ្ជីអាជីវកម្មរបស់ធុរជន រួមទាំងបានចូលរួមចំណែកក្នុងការលើកកម្ពស់បរិយាកាសធុរកិច្ច និងសេដ្ឋកិច្ចឌីជីថលក្នុងប្រទេសកម្ពុជាផងដែរ។
ប្រព័ន្ធ OBR ក៏បានបន្តពង្រឹង និងពង្រីកការដ្ឋានជាបន្តបន្ទាប់ ដែលគ្របដណ្ដប់ដល់សេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច (E-Services for Business-ESB) ជាច្រើនទៀត។ ប្រព័ន្ធ OBR ដែលត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការលើកដំបូងកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ជាការចុះបញ្ជីជាខ្សែច្រវ៉ាក់ (Single Portal) ដោយធុរជនអាចស្នើសុំចុះបញ្ជីអាជីវកម្មជាកញ្ចប់រួមមានជាមួយនឹងការចុះបញ្ជីពាណិជ្ជកម្មដោយក្រសួងពាណិជ្ជកម្ម, ការរៀបចំបញ្ជីពន្ធដារដោយអគ្គនាយកដ្ឋានពន្ធដារ និង ការប្រកាសសេចក្ដីជូនដំណឹងបើកសហគ្រាសដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈតែម្ដង (ហើយកាលពីពាក់កណ្ដាលឆ្នាំ ២០២៣ ប្រព័ន្ធបានបន្ថែមការចុះបញ្ជិកាសហគ្រាស-គ្រឹះស្ថានដោយបេឡាជាតិសន្តិសុខសង្គមមួយទៀត)។
ប្រព័ន្ធនេះបានផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ធុរជន ដោយកាត់បន្ថយនីតិវិធី ពេលវេលា និងកម្រៃសេវាមួយចំនួនផងដែរ ហើយអនុញ្ញាតឱ្យអ្នកស្នើសុំចុះបញ្ជីអាជីវកម្មបានដោយជោគជ័យក្នុងរយៈពេលត្រឹមតែ ៨ថ្ងៃនៃថ្ងៃធ្វើការ ប្រសិនបើអ្នកស្នើសុំបានផ្ដល់ព័ត៌មាន និងឯកសារភ្ជាប់ត្រឹមត្រូវ និងពេញលេញ។ ការរៀបចំប្រព័ន្ធនេះ ត្រូវបានពង្រីកបន្ថែមជាបន្តបន្ទាប់ ដោយគ្របដណ្ដប់ដល់ការស្នើសុំអាជ្ញាបណ្ណ វិញ្ញាបនបត្រ និងលិខិតអនុញ្ញាតជំនាញ ពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលរហូតមកដល់បច្ចុប្បន្ន មានក្រសួង ស្ថាប័នចំនួន ២១ ចូលរួម និងបានបញ្ចូលសេវាសាធារណៈគោលចំនួន ៣៣ មកក្នុងប្រព័ន្ធអេកូឡូស៊ីនៃការផ្ដល់សេវាសាធារណៈសម្រាប់ធុរកិច្ច៕
