ម្ចាស់ចំការធុរេនថា៖ ទីផ្សារ​ទុរេន​នៅ​ឆ្នាំនេះ មានតម្លៃល្អដូចឆ្នាំកន្លងទៅដែរ

សង្គម​និង​សេដ្ឋកិច្ច

ម្ចាស់ចំការធុរេន និងអ្នក​រកស៊ីក្នុង​វិស័យ​ទុរេននៅកម្ពុជា បាន​ឲ្យ​ដឹងថា ទុរេន​ខ្មែរ​នៅក្នុងឆ្នាំនេះ មាន​ទីផ្សារ​​ល្អប្រសើរ​ដូចឆ្នាំកន្លងទៅដែរ។ទន្ទឹមគ្នានេះ  ម្ចាស់ចំការធុរេន ក៏បានបង្ហាញក្តីរំពឹងទុកថា សង្ឃឹមថានឹងអាចប្រមូលផលបានខ្ពស់ថែមទៀត។នេះបើតាមការឲ្យដឹងពី រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម និងសហការី បានបន្តដំណើរទៅកាន់ភូមិក្រសាំង ឃុំទឹកជ្រៅ ស្រុកតំបែរ ដើម្បីចូលរួម ដាំដើមធុរេន និងប្រមូលផលធុរេន ម្ឃុត និងសាវម៉ាវ ជាមួយកសិករ។

ក្នុងពេលដំណើរទស្សនកិច្ចនោះ ឯកឧត្តមថា «ដោយយោងតាមលោក សុខ ឡេង ដែលជាម្ចាស់ចំការបានបញ្ជាក់ឲ្យដឹងថា តម្លៃធុរេនឆ្នាំនេះមានតម្លៃល្អដូចកាលពីឆ្នាំកន្លងទៅដែរ (១៥ ០០០ រៀល ក្នុងមួយគីឡូក្រាម) ហើយអាចសង្ឃឹមថាអាចប្រមូលផលបានសរុបចំនួន ១០០ តោន»។

គួរបញ្ជាក់ថា កម្ពុជា នាប៉ុន្មានឆ្នាំចុងក្រោយនេះ មានការផ្កត់ផ្គង់ តម្រូវការទីផ្សារធុរេនបានល្អគ្រប់គ្រាន់ណាស់ ព្រោះបច្ចុប្បន្នដំណាំនេះ អាចដាំដុះបាន ច្រើនកន្លែង ក្នុងខេត្ដនានា ក្នុងប្រទេសកម្ពុជា។

សព្វថ្ងៃ គេសង្កេតឃើញ ដំណាំ​ទុរេន ​ត្រូវបាន​ដាំដុះ​ច្រើនជាងគេ​នៅ​ខេត្តកំពត កំពង់ចាម បាត់ដំបង ខេត្តកោះកុង និង​ខេត្តពោធិ៍សាត់ជាដើម។

មិនតែប៉ុណ្ណោះ ពីមួយឆ្នាំទៅមួយឆ្នាំគេសង្កេតឃើញថា ទីផ្សារទុរេននៅកម្ពុជាមានសក្តានុពល និងទទួលបានការគាំទ្រច្រើនពីសាធារណៈជនជាតិ ខណៈក្រសួងកសិកម្ម ក៏បាននិងកំពុងរៀបចំផែនការក្នុងការជំរុញការដាំដុះផ្លែទុរេនដល់ប្រជាពលរដ្ឋ ឲ្យទទួលបានផលខ្ពស់ និងស្របតាមស្តង់ដាគុណភាព ដើម្បីនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស ណៈដែល ថៃ វៀតណាម និង ម៉ាឡេស៊ី សម្រុកនាំចេញផ្លែទុរេនយ៉ាងសម្បើមទៅកាន់ទីផ្សារអន្តរជាតិ។

កាលពីពេលកន្លងទៅនេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម ក៏ធ្លាប់បង្ហាញការជឿជាក់ថា នៅថ្ងៃអនាគតកម្ពុជាអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបង្កបង្កើនផល និងនាំចេញផ្លែទុរេនទៅកាន់ទីផ្សារអន្តរជាតិផងដែរ។

ជាងនេះទៀត ឯកឧត្តម វេង សាខុន ក៏ធ្លាប់បង្ហញក្តីរំពឹងផងដែរថា ទុរេននឹងជួយផ្តល់ប្រាក់ចំណូលខ្ពស់ដល់រដ្ឋក្នុងការទ្រទ្រង់សេដ្ឋកិច្ចជាតិ ប្រសិនបើកសិករដាំដំណាំទុរេនដោយចងជាសហគមន៍ និងអនុវត្តតាមបច្ចេកទេស និងបទដ្ឋានរបស់ក្រសួង៕