ធនាគារជាតិនៃកម្ពុជា សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងតំណាងមកពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ កាលពីពេលថ្មីៗនេះ បានជួបជុំគ្នាដើម្បីពិភាក្សាស្វែងរកដំណោះស្រាយបញ្ហាប្រឈមឈានទៅការរក្សាបាននូវស្ថិរភាពហិរញ្ញវត្ថុ។


លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានលើកឡើងថា កិច្ចប្រជុំពិភាក្សានេះ ត្រូវបានរៀបចំឡើងដើម្បីស្វែងយល់ពីសុខភាពប្រព័ន្ធធនាគារ និងប្រមូលធាតុចូលសំខាន់ៗពីភាគីពាក់ព័ន្ធ ក្នុងការរៀបចំយន្តការដោះស្រាយបញ្ហាប្រឈម ដើម្បីរក្សាស្ថិរភាពហិរញ្ញវត្ថុ និងចូលរួមគាំទ្រដល់យុទ្ធសាស្រ្ត និងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ជុំវិញសុខភាពគ្រឹះហិរញ្ញវត្ថុនេះដែរ លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានលើកឡើងថា ក្រោយស្ថានភាពនៃវិបត្តិជំងឺកូវីដ-១៩ ស្របពេលភាពមិនទាន់ច្បាស់លាស់ទាំងក្នុង និងក្រៅប្រទេស ជាលទ្ធិផល កំណើនឥណទាន នៅក្នុងវិស័យក្រូហិរញ្ញវត្ថុនៅកម្ពុជា មិនសូវមានការកើនឡើងខ្លាំងនោះឡើយ ខណៈប្រាក់បញ្ញើនិងសេវាប្រាក់សន្សំ មានការកើនឡើងគួរកត់សម្គាល់ សម្រាប់អាចមានដើមទុនច្រើន សម្រាប់ចាក់សាច់ប្រាក់ចូលទៅក្នុងទីផ្សារ។ លោកបានបន្ថែមថា តែទោះបីយ៉ាងណា នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ នេះ ឥណទានដែលផ្តល់ដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានងើបឡើងគួរកត់សម្គាល់ ក្នុងនោះ ចំនួនអតិថិជនក៏បានមានកំណើនកើនឡើងខ្លាំងផងដែរ។
លោក កាំង តុងងី បានបញ្ជាក់ថា ជុំវិញឥណទាននេះ អ្វីដែលជាទីចាប់អារម្មណ៍ខ្លាំង នៅក្នុងត្រីមាសទី១នេះ ឆ្នាំ២០២៥ គ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុ ទទួលបានប្រាក់បញ្ញើររបស់ប្រជាពលរដ្ឋ មានការកើនឡើងខ្លាំង ក្នុងរង្វង់ប្រមាណ ៩,៦ ភាគរយ បើធៀបត្រីមាសទី១ និង ត្រីមាសទី៤ ឆ្នាំ២០២៤ គឺបានកើនឡើងដល់ប្រមាណ ២ ៧៨៨ លានដុល្លារអាមេរិកនៅក្នុងចំណោមគ្រឹះស្ថានចំនួន ៤ ប៉ុណ្ណោះ ដែលមានអាជ្ញាបណ្ណទទួលប្រាក់បញ្ញើ៕

