សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នាល្ងាចថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ បានថ្លែងថា ក្នុងរយៈពេល៥ខែ ឆ្នាំ២០២៥នេះ គម្រោងវិនិយោគដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តបាន កើនឡើង១៣៧គម្រោង ខណៈទុនវិនិយោគកើនឡើង១,៤ពាន់លានដុល្លារ។

សម្តេចធិបតីថ្លែងបែបនេះនៅក្នុង ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសមាគមសម្ព័ន្ធអ្នកវិនិយោគកម្ពុជា នៅល្ងាចថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ។
សម្តេចធិបតីនាយករដ្ឋមន្រ្តី បានថ្លែងយ៉ាងដូច្នេះថា «យោងតាមរបាយការណ៍ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងរយៈពេល៥ខែ ឆ្នាំ២០២៥នេះ គម្រោងវិនិយោគ២៩០គម្រោង ត្រូវបានអនុម័តក្នុងទុនវិនិយោគ៤២០០លានដុល្លារអាមេរិក។ បើធៀបរយៈពេលដូចគ្នានៅឆ្នាំ២០២៤ ចំនួនគម្រោងវិនិយោគបានកើនឡើង១៣៧គម្រោង ស្មើនឹង៩០% ខណៈទុនវិនិយោគកើនឡើង១,៤ពាន់លានដុល្លារ ស្មើនឹង៥២%។»
គួរបញ្ជាក់ថា បើតាមរបាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រយៈពេល៥ខែ ឆ្នាំ២០២៥នេះ គម្រោងវិនិយោគទាំង២៩០គម្រោង ដែលបានចុះបញ្ជី ក្នុងនោះមាន១១៩គម្រោងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស។ គម្រោងវិនិយោគទាំងនេះ អាចបង្កើតការងារបានប្រមាណ ២០០ពាន់កន្លែង។ ចំណែកឯទុវិនិយោគក្នុងវិស័យឧស្សាហកម្មមានរហូតដល់ ៣,៦ប៊ីលានដុល្លារ វិស័យហេដ្ឋារចនាសម្ព័ន្ធ ៥៥៨លានដុល្លារ វិស័យទេសចរណ៍២០លានដុល្លារ។
ចំពោះប្រភពទុនវិនិយោគដែលឈានមុខគេរយៈពេល៥ខែនេះ គឺប្រទេសចិន ៦២,២៧% កម្ពុជា ២៣,២៨% សិង្ហបុរី៩,៦៣% កោះ British Virgin ១,៤៤% វៀតណាម ០,៩៩% អង់គ្លេស ០,៦៧% កោះ Cayman ០,៥៩% កោះ Samoa ០,៤៧% កូរ៉េ ០,២១% និងសហរដ្ឋអាមេរិក ០,១៥%៕