គម្រោងវិនិយោគ និងធុរកិច្ច ៣៥ គម្រោង បន្ថែមទៀត ក្រោមទុនវិនិយោគ ៣២៧ លានដុល្លារបានទទួល គោលការណ៍លើកទឹកចិត្តពិសេស

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានប្រជុំពិភាក្សាលើគម្រោងវិនិយោគនិងធុរកិច្ច ដែលស្នើការលើកទឹកចិត្តពិសេស បានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនីតិវិធីដល់គម្រោងចំនួន៣៥គម្រោងដែលមានទុនវិនិយោគ៣២៧លានដុល្លារអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងចំណោមគម្រោងទាំង៣៥នោះ មានគម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង ចំនួន ២២, គម្រោងថ្មី ចំនួន ១២, និង គម្រោងមានស្រាប់ ចំនួន ១ ដែលមានទុនវិនិយោគជាង៣២០ លានដុល្លារអាមេរិក និង អាចបង្កើតការងារប្រមាណ ៣ ៣៦៣ កន្លែង ។

គម្រោងទាំង ៣៥ នោះ មានជាអាទិ៍ គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស, គម្រោងបង្កើតសួនឧស្សាហកម្ម, រោងចក្រកែច្នៃចំណីសត្វ, រោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ, គម្រោងសណ្ឋាគារ, គម្រោងផ្ទះលំហែ និង អគារពាណិជ្ជកម្ម ។

យោងតាមក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ផ្អែកតាមតួលេខនេះ ក្រុមការងារបានផ្តល់ការលើកទឹកចិត្តជូនគម្រោងចំនួន ១១៨ គម្រោង សម្រាប់ឆមាសទី ១ ឆ្នាំ ២០២៥ ក្នុងនោះ អគារជាប់គាំង ចំនួន ៥១ គម្រោង, គម្រោងវិនិយោគថ្មី ចំនួន ៥៤ គម្រោង, គម្រោងពង្រីក ចំនួន ៨ គម្រោង និង គម្រោងមានស្រាប់ ចំនួន ៥ គម្រោង ។

ក្នុងកិច្ចប្រជុំលើកទី ១៧ នាថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០២៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានគូសរំលេចថា តាមរយៈយន្តការ “ថែរក្សាអ្នកចាស់ និងស្វែងរកអ្នកថ្មី” និងការដោះស្រាយបញ្ហាជាកញ្ចប់, ក្រុមការងារ និង រដ្ឋបាលខេត្ត បានរៀបចំវេទិការវាងរដ្ឋ និងវិស័យឯកជន នៅខេត្តព្រះសីហនុ ដើម្បីស្តាប់សំណូមពរ និងដោះស្រាយការលំបាក រួមទាំងការជំរុញ និងការសម្រួលនានា ដើម្បីផ្តល់អាជ្ញាបណ្ណ លិខិតអនុញ្ញាត និងវិញ្ញាបនបត្រ ។

ទន្ទឹមនេះ លោក ហ៊ាន សាហ៊ីប មានប្រសាសន៍ថា កិច្ចការដែលក្រុមការងារកំពុងអនុវត្តនាពេលបច្ចុប្បន្ន គឺជាការចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ ជាមួយរាជរដ្ឋាភិបាល ក្នុងអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” ដែលមានសហថាមពលព្រមគ្នា និង មានសង្គតិភាពជាមួយគ្នា ។

លោក បានបន្ថែមថា ស្របពេលដែលប្រទេសកំពុងជួបប្រទះបញ្ហាប្រឈមខាងក្រៅ ក្រុមការងារត្រូវបន្តកិច្ចខិតខំប្រឹងប្រែងទ្វេដង និង រួមគ្នាជាធ្លុងមួយ ក្នុងការបំពេញការងារតាមកាតព្វកិច្ចរៀងៗខ្លួន ក្នុងស្មារតីឧត្តមប្រយោជន៍ជាតិ ដើម្បីប្រែក្លាយ “បញ្ហាប្រឈម” ទៅជា “កាលានុវត្តភាព” តាមរយៈការផ្តល់កិច្ចសហការខ្ពស់ និង សម្របសម្រួលផ្តល់សេវាដល់ម្ចាស់គម្រោង ដោយរលូន និង រហ័ស ដូចជា ការផ្តល់លិខិតអនុញ្ញាត អាជ្ញាបណ្ណ និង វិញ្ញាបនបត្រ ជាដើម ដើម្បីឱ្យម្ចាស់គម្រោងអាចដំណើរការគម្រោងបាន និងចូលរួមបង្កើតការងារជូនប្រជាពលរដ្ឋ ។

សូមជម្រាបជូនថា រាជរដ្ឋាភិបាលបានដាក់ចេញ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤” ដែលបន្តអនុវត្តរហូតដល់ដំណាច់ឆ្នាំ ២០២៥ ក្នុងគោលបំណងជំរុញសម្ទុះសេដ្ឋកិច្ច និងបង្កើតការងារជូនប្រជាពលរដ្ឋ ព្រមទាំងកែប្រែមុខមាត់ខេត្តព្រះសីហនុ ។ បច្ចុប្បន្ន ខេត្តព្រះសីហនុ មានសន្តិសុខ សណ្តាប់ធ្នាប់ និង បរិយកាសវិនិយោគល្អប្រសើរ ដែលបានទាក់ទាញការវិនិយោគ និងភ្ញៀវទេសចរក្នុងចំនួនច្រើន និងច្រើនជាតិសាសន៍ សមស្របជាមជ្ឈមណ្ឌលនៃការអភិវឌ្ឍពហុបំណង និងជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា ។

ជាមួយនេះ ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ បន្តលើកទឹកចិត្តឱ្យធុរជន និង វិនិយោគិន រួសរាន់អញ្ជើញដាក់ពាក្យឬស្នើមកក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដើម្បីទទួលបាន «អត្ថប្រយោជន៍ពិសេស» ទាំងការលើកទឹកចិត្តផ្នែកពន្ធ ការសម្របសម្រួលផ្នែករដ្ឋបាល និងការសម្រួលនីតិវិធីផ្សេងៗពាក់ព័ន្ធការវិនិយោគ៕