ក្រសួងពាណិជ្ជកម្ម និងUN បើកកិច្ចពិភាក្សាពង្រឹងពិពិធកម្មទីផ្សារផលិតផលកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងពាណិជ្ជកម្ម និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា បានជួបពិភាក្សាគ្នា ដើម្បីរួមគ្នាពង្រឹងពិពិធកម្មទីផ្សារកម្ពុជាឱ្យកាន់តែប្រសើរថែមទៀត។ នេះបើយោងតាមជំនួបពិភាក្សារវាងលោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជាមួយលោកស្រី Ms. Alissar CHAKER តំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា និងគណៈប្រតិភូ កាលទី២៥ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្ដូរយោបល់លើកិច្ចសហប្រតិបត្តិការអនុវត្តដែលបានរួមចំណែកដល់ការធ្វើពិពិធកម្មទីផ្សារ ការបង្កើនលទ្ធភាពផលិត ការពង្រឹងជំនាញដល់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការត្រៀមខ្លួនចាកចេញពីចំណាត់ថ្នាក់ជាប្រទេសអភិវឌ្ឍន៍តិចតួចរបស់កម្ពុជា។

ក្នុងឱកាសនោះ លោកស្រីរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា ក៏បានថ្លែងអំណរគុណដល់លោកស្រី Ms. Alissar CHAKER សម្រាប់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតជាមួយក្រសួងពាណិជ្ជកម្មនាពេលកន្លងមក និងជូនពរលោកស្រីឱ្យជោគជ័យគ្រប់ភារកិច្ចការងារនាពេលអនាគតផងដែរ។

សូមរម្លឹកដែរថា គិតត្រឹមរយៈពេល ១១ខែ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជាសម្រេចបានទឹកប្រាក់ចំនួន ៥០,៤៥ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៥,៩៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍បូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២៤ របស់ក្រសួងពាណិជ្ជកម្ម។

ក្នុងនោះ ការនាំចេញកម្ពុជា សម្រេចបានទឹកប្រាក់ចំនួន ២៤​,៣៤ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៤,៣៦% និងការនាំចូលសម្រេចបានទឹកប្រាក់ ២៦,១០ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៧,៤៨%៕ អត្ថបទ៖ ហ្សាលីន