ថ្លែងក្នុងឱកាសជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ/សង្កាត់ ក្នុងខេត្តព្រះវិហារ កាលព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានស្នើសុំឱ្យខេត្តព្រះវិហារ ធ្វើកិច្ចការដែលទាក់ទងនឹងការផលិត ផ្គត់ផ្គង់កងទ័ពដែលមកឈរជើងក្នុងខេត្តព្រះវិហារ។

ដោយសម្តេចបានថ្លែងថា បើចង់បានទេសចរណ៍មកដើម្បីចាយលុយក្នុងទឹកដីខេត្តព្រះវិហារ ខេត្តព្រះវិហារត្រូវរៀបចំការផលិត ជាពិសេសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ឱ្យអប់រំពលរដ្ឋរបស់ខ្លួន ឱ្យរៀបចំផែនការដាំដុះ ឱ្យគាត់ដាំអ្វីដែលជាសេចក្តីត្រូវការរបស់កងទ័ព សម្រាប់ទទួលទានប្រចាំថ្ងៃ ហើយមេភស្តុភារបស់យោធានៅគ្រប់អង្គភាពកុំទៅទិញបន្លែពីភ្នំពេញ ទិញពីថៃ កុំទិញបន្លែពីណាផ្សេង គឺទិញពីប្រជាជនក្នុងខេត្តព្រះវិហារ។
សម្តេចតេជោ បានគូសបញ្ជាក់ថា ទេសចរនេះមិនមកតែថ្ងៃអាទិត្យទេ គឺមកដេករាប់ខែ រាប់ឆ្នាំ។ ដូច្នេះ សម្តេចក៏បានសុំឱ្យប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារជំរុញការដាំដុះបន្លែ ចិញ្ចឹមសត្វ ចិញ្ចឹមត្រី ដើម្បីផ្គត់ផ្គង់ដល់កងទ័ព ដែលឈរជើងក្នុងខេត្តព្រះវិហារ។

ជាមួយគ្នានេះ សម្តេចតេជោក៏សុំឱ្យបងប្អូនអ្នកនៅសមរភូមិក្រោយដែលចង់មានការឧបត្ថម្ភមកសមរភូមិមុខមុននឹងមកត្រូវពិចារណាថាគួរផ្តល់អ្វីឱ្យបងប្អូននៅទីនេះ ហើយបើគួរផ្តល់អ្វីឱ្យបងប្អូននៅទីនេះគួរទិញអ្វីដែលជាផលិតផលក្នុងខេត្តព្រះវិហារផងដែរ ដើម្បីឱ្យអ្នកខេត្តព្រះវិហារទទួលបានផលប្រយោជន៍ពីការឈរជើងរបស់កងទ័ព៕


