គិតត្រឹមរយៈពេល៦ខែ ឆ្នាំ២០២៥នេះ គ្រឹះស្ថានអង្គររកចំណូលបានជាង ២៦លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវចូលទស្សនារមណីយដ្ឋានអង្គរ។ នេះបើយើងតាមមន្ទីព័ត៌មានខេត្តសៀមរាប កាលពីថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០២៥។

មន្ទីព័ត៌មានខេត្តសៀមរាប បានលើកឡើងថា យោងតាមគ្រឹះស្ថានអង្គរ គិតត្រឹមរយៈពេល៦ខែ ឆ្នាំ២០២៥នេះ មានភ្ញៀវទេសចរទិញសំបុត្រចូលទស្សនាតំបន់រមណីយដ្ឋានអង្គរចំនួន ៥៦៧ ៦៧៣នាក់ រកចំណូលបានចំនួន ២៦ ៣១៦ ២២១ដុល្លារ កើនឡើងជាង៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ ខណៈភ្ញៀវទិញសំបុត្រចូលទស្សនាប្រាសាទបេងមាលាមានចំនួន ៨ ១៩៩នាក់ រកចំណូលបាន ៨១ ៩៩០ដុល្លារ។
ដោយឡែកក្នុងខែមិថុនា ឆ្នាំ២០២៥នេះវិញ ចំនួនភ្ញៀវទេសចរទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួន ៤០ ០៩៦នាក់ ថយចុះជាង១៩ភាគរយ ធៀបនឹងខែមិថុនា ឆ្នាំ២០២៤ និងរកចំណូលបានចំនួន ១ ៧៤៧ ១៩៧ដុល្លារ ថយចុះជាង១៨ភាគរយ បើធៀបក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ ចំពោះការលក់សំបុត្រចូលប្រាសាទបេងមាលាមានចំនួន ៦៤៧នាក់ រកចំណូលបានចំនួន ៦ ៤៧០ដុល្លារ។ ដោយឡែកចំណូលពីការលក់សំបុត្រទូកបានចំនួន ៤៩ ៨០៤ដុល្លារ។
ជាមួយគ្នានោះ សម្រាប់រយៈពេល៦ខែ ឆ្នាំ២០២៥នេះដែរ ភ្ញៀវទេសចរបរទេសដែលទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ គឺភ្ញៀវទេសចរមកពីសហរដ្ឋអាមេរិក ជាប់លំដាប់លេខ១, យូណាយធីតឃីងឌឹម លេខ២, បារាំងលេខ៣, ចិនលេខ៤ និងប្រទេសកូរ៉េខាងត្បូង លេខ៥៕ អត្ថបទ៖ ហ្សាលីន
